ព័ត៌មានជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ ហៅការដាក់សម្ពាធ អតិបរមារបស់អាមេរិក ថាជាគោលនយោបាយបរាជ័យ របស់ក្រុងវ៉ាស៊ីនតោន

តេអេរ៉ង់៖ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា គោលនយោបាយដាក់សម្ពាធអតិបរិមា របស់វ៉ាស៊ីនតោនប្រឆាំងនឹងអ៊ីរ៉ង់ គឺជាការបរាជ័យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Khamenei បានឲ្យដឹងនៅក្នុងសារ ចូលឆ្នាំថ្មីរបស់អ៊ីរ៉ង់ថា សត្រូវរបស់អ៊ីរ៉ង់ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានព្យាយាមនាំជនជាតិអ៊ីរ៉ង់ មកលុតជង្គង់ ដែលនេះជាសារចំអកមួយ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចំពោះការបរាជ័យលើគោលនយោបាយ ការបរទេសរបស់ខ្លួន។

លោកបានបន្ថែមថា ទោះយ៉ាងណាប្រទេសអ៊ីរ៉ង់បានក្រោកឈរ ហើយការបរាជ័យនៃគោលនយោបាយ សម្ពាធអតិបរិមា គឺជាសញ្ញានៃសមត្ថភាពជាតិ របស់អ៊ីរ៉ង់ទៅវិញ។

ចាប់តាំងពីអតីតរដ្ឋាភិបាល សហរដ្ឋអាមេរិកក្រោម ការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពរួមក្នុងខែឧសភា ឆ្នាំ២០១៨ អ៊ីរ៉ង់បានស្ថិតនៅក្រោមការ ដាក់ទណ្ឌកម្មផ្នែកថាមពល និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ៕

ដោយ ឈូក បូរ៉ា

To Top