ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល ប្រកាសពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គល ដែលប្រព្រឹត្តល្មើសនឹង វិធានការសុខាភិបាល

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ប្រកាសអំពី ការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គល ដែលប្រព្រឹត្តអំពើល្មើស និងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

យោងតាមសេចក្ដីប្រកាសអន្ដរក្រសួងរបស់ ក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល នាពេលថ្មីៗនេះថា ការពិន័យជាប្រាក់ ដែលស្ថិតក្រោមសម្ថកិច្ចរបស់ក្រសួងសុខាភិបាល ត្រូវបានអនុវត្តចំពោះបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តអំពើល្មើស និងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្ដរជាតិនៃជំងឺនៅតាមច្រកចេញចូល។

ជាងនេះទៅទៀត ក្រសួងសុខាភិបាល មានសមត្ថកិច្ចចេញបង្កាន់ដៃពិន័យអន្ដរការណ៍ប្រគល់ជូនទៅបុគ្គល ឬនីតិបុគ្គលដែលបានប្រព្រឹត្ត អំពើល្មើសដែលចែងក្នុងប្រការ២ នៃប្រកាសអន្ដរក្រសួងនេះ ដោយប្រើប្រាស់ទម្រង់បង្កាន់ដៃពិន័យអន្ដរការណ៍ ដែលជាឧបសម្ព័ន្ធនៃប្រកាសអន្ដរក្រសួងនេះ៕

To Top