ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានប្រកាសបើកផ្ដល់បៀវត្ស ជូនមន្ដ្រីរាជការស៊ីវិល និងមន្ដ្រីជាប់កិច្ចសន្យា សម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២១។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ការបើកផ្តល់ បៀវត្សសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២១ ជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ត្រូវសហការរៀបចំអនុវត្ត ដូចខាងក្រោម៖
ទី១-ការបើកផ្តល់បៀវត្សសម្រាប់ខែមេសា គឺត្រូវរៀបចំបើកផ្តល់បៀវត្សប្រចាំខែតែមួយលើក រួមទាំងប្រាក់ឧបត្ថម្ភក្នុង ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងឱ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។
និងទី២-ការបើកផ្តល់បៀវត្សសម្រាប់ខែឧសភា និងខែបន្តបន្ទាប់ គឺត្រូវរៀបចំបើកផ្តល់រៀងរាល់ពីរសប្តាហ៍ម្តង ដោយ អនុវត្តតាមស្មារតីសារាចរលេខ ស្តីពីការកំណត់នីតិវិធីសម្រាប់ការបើកផ្តល់ បៀវត្សរៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីសាធារណៈផ្សេងទៀត ៕