ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានណែនាំឲ្យម្ចាស់ សហគ្រាសអនុញ្ញាត ឲ្យកម្មករឈប់សម្រាក ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរឆ្នាំ២០២១ ។
យោងតាមសេចក្តីណែនាំ របស់ក្រសួងការងារ បានឲ្យដឹងថា បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ធ្វើឡើងពីថ្ងៃ១៤-១៦ មេសា។ ក្រសួងការងារ ណែនាំដល់ម្ចាស់ ឬនាយក រោងចក្រ សហគ្រាសទាំងអស់ ត្រូវអនុវត្តតាមជម្រើសណាមួយ ដូចជាអនុញ្ញាតឲ្យកម្មករឈប់ សម្រាកដោយមានប្រាក់ឈ្នួល បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ រយៈពេល ៣ថ្ងៃនេះ។
ក្រសួងបន្ថែមថា ការឈប់សម្រាកនេះ អនុវត្តរួមគ្នាជាមួយការឈប់ សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឬថ្ងៃឈប់សម្រាកណាមួយ សមស្របនាពេលខាងមុខ ដោយតម្រូវឲ្យមានការព្រមព្រៀង រវាងនិយោជកជាមួយ នឹងប្រតិភូបុគ្គលិក ឬតំណាងកម្មករនិយោជិត ។ កិច្ចព្រមព្រៀងត្រូវធ្វើជាលាយលក្ខណ៍ អក្សរនិងរក្សាទុកសម្រាប់ ការត្រួតពិនិត្យ របស់អធិការការងារ ។ ចំពោះការបំពេញការងារ នៅថ្ងៃឈប់សម្រាកនេះ ការផ្តល់ប្រាក់ឈ្នួល ត្រូវអនុវត្តតាមអត្រាប្រាក់ ឈ្នួលនៃថ្ងៃធ្វើការធម្មតា។
ជាមួយគ្នានោះដែរ ក្រសួងក៏ក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការ “៣ ការពារ៣កុំ”និងវិធានការបស់សុខាភិបាល ផ្សេងទៀតឲ្យបានខ្ជាប់ខ្ជួនបំផុត ៕