ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោក ឧកញ៉ា អ៊ឹង លីហេង និងភរិយា តាំង ហ្គិចលៀង ឧបត្ថម្ភថវិកា ចំនួន ២០.០០០ ដុល្លារ លោក សេង ស៊ីវុត្ថា និងលោកស្រីវេជ្ជបណ្ឌិត ស្រី វីបុប្ផា ឧបត្ថម្ភថវិកា ចំនួន១០.០០០ ដុល្លារ និងឧកញ៉ា ស្រី ចន្ធូ ថវិកា ចំនួន១០.០០០ ដុល្លារ បានឧបត្ថម្ភថវិកា ជូនដល់សមាគមគ្រូ ពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) ដែលបានចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្ត ចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួម ក្នុងការទប់ស្កាត់ជំងឺកូវី-១៩កន្លងមក ។
នាពេលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ច យ៉ាងសកម្មដើម្បីជាតិ និងប្រជាជនខណៈដែលប្រទេសកម្ពុជា មានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍។
ក្រុមការងារ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ TYDA និងយុវជនស្ម័គ្រចិត្តប្រឆាំង កូវីដ-១៩ បានចូលរួមយ៉ាងសកម្ម ជាមួយក្រុមគ្រូពេទ្យនិងអាជ្ញាធរ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងថ្មី ៣៥នាក់ទៀត និងជាសះស្បើយ ៣២នាក់ ក្នុងនោះករណីឆ្លងសហគមន៍ ៣៣នាក់ អ្នកដំណើរពីបរទេស ០២នាក់ ដែលបានធ្វើឲ្យចំនួនអ្នកឆ្លង សរុបចំនួន១៧៨៨ នាក់ អ្នកជាសះស្បើយចំនួន៩៩៩ នាក់ អ្នកកំពុងព្យាបាលចំនួន៧៨៣ នាក់ និងអ្នកស្លាប់ចំនួន ០៤ នាក់ ៕