ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ ខ្នាតធំមួយគ្រឿង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន នឹងមកដល់ខេត្តព្រះសីហនុ នៅខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា «បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ ខ្នាតធំមួយគ្រឿងដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន នឹងមកដល់ខេត្តព្រះសីហនុ នាដើមខែមេសាខាងមុខនេះ ហើយភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញ មកកាន់ប្រទេសកម្ពុជផងដែរ ដើម្បីជួយសម្រួលដល់ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្នុងការតំឡើង រៀបចំ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកពាក់ព័ន្ធ»។
![](https://dap-news.com/wp-content/uploads/2021/03/photo_2021-03-24_10-50-02.jpg)
ទូតចិនបន្ដថា បន្ទាប់ពីដាក់ឲ្យប្រើប្រាស់ សំណាកតេស្តរកវីរុសរបស់ខេត្តព្រះសីហនុ កែប កំពត និងខេត្តមួយចំនួនដែលនៅក្បែរនោះ នឹងត្រូវបានបញ្ជូនមកកាន់ទីនោះ នេះនឹងអាចជួយដល់ភាគីកម្ពុជា ក្នុងការបង្កើនល្បឿនតេស្តរកជំងឺវីរុស ជួយសន្សំថវិកាទប់ស្កាត់នឹងជំងឺវីរុស ហើយកិច្ចប្រយុទ្ធប្រឆាំងនឹង ជំងឺវីរុសអាចអនុវត្តកាន់តែល្អប្រសើរ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៨១៧នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១០៣៣នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៧៧នាក់, ស្លាប់ចំនួន ៥នាក់ ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)