ព័ត៌មានជាតិ

បុគ្គលិកក្លឹបហាត់ប្រាណ Fit Zone នៅភ្នំពេញផ្ទុកកូវីដ១៩ បានមកលេងម្ដាយ នៅស្វាយរៀង ដោយប៉ះពាល់មនុស្សផ្ទាល់ និងប្រយោលជាង ២០០នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសឲ្យដឹងថា មានបុរសម្នាក់ ជាបុគ្គលិកក្លឹបហាត់ប្រាណ Fit Zone រាជធានីភ្នំពេញ ដែលវិជ្ជមានកូវីដ១៩ បានមកលេងផ្ទះម្តាយ មានបងប្អូនបង្កើតចំនួន ៦នាក់ ស្ថិតនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ និងមានបានប៉ះពាល់ ដោយផ្ទាល់ចំនួន ៩នាក់ រួមទាងប្រយោលចំនួន ២១១នាក់ ។

កាលពីថ្ងៃទី២៨ មីនានាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មានអ្នកវិជ្ជមានកូវីដ១៩ បានចូលក្លឹបហាត់ប្រាណ ហ្វឹតហ្សូន (Fit Zone) នៅលើផ្លូវ ៤៥០ បឹងត្របែក ភ្នំពេញ ចន្លោះពីថ្ងៃទី១ ដល់ទី១២ ខែមីនា ឆ្នាំ២០២១ ដូច្នេះអ្នកពាក់ព័ន្ធ ដែលធ្លាប់ចូលទីនោះ ត្រូវទៅធ្វើតេស្តជាបន្ទាន់ នៅមន្ទីរពេទ្យ ដែលបានកំណត់អនុញ្ញាត ក្នុងរាជធានីភ្នំពេញ ឬខេត្តរបស់អ្នក និងពាក់ម៉ាស់ជាប្រចាំ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តស្វាយរៀង ថ្ងៃទី២៣ មីនា បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋក្នុង ខេត្តស្វាយរៀង ជាប់ពាក់ព័ន្ធនឹង អ្នកមានវិជ្ជមាន ជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានចាត់ក្រុមការងារ ស្រាវជ្រាវ និងតាមដានបុគ្គល សង្ស័យមានផ្ទុកជំងឺកូវីដ-១៩ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានចុះស្រាវជ្រាវបន្ទាន់ ដោយបានរកឃើញបុរស ជនជាតិខ្មែរម្នាក់ អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិក ក្លឹបហាត់ប្រាណ Fit Zone រាជធានីភ្នំពេញ បានធ្វើតេស្តរកឃើញ វិជ្ជមានកូវីដ-១៩ និងបានមកលេងផ្ទះម្តាយ ដែលមានបងប្អូនបង្កើតចំនួន៦នាក់ ស្ថិតនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ និងមានអ្នកប៉ះពាល់ដោយផ្ទាល់ ចំនួន ៩នាក់ និង អ្នកប៉ះពាល់ដោយប្រយោលមានចំនួន ២១១ នាក់ ។

រដ្ឋបាលខេត្តបញ្ជាក់ថា ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ខេត្ត សហការ ជាមួយក្រុមការងារឆ្លើយតបបន្ទាន់ ចុះទៅយកវត្ថុវិភាគសំណាកអ្នកប៉ះពាល់ផ្ទាល់ចំនួន ៩នាក់ ទៅធ្វើតេស្តរកមេរោគជំងឺកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាលទ្ធផលលើកទី១ គឺអវិជ្ជមានជំងឺកូវីដ-១៩ និងត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ រង់ចាំយកសំណាកវត្ថុវិភាគ ធ្វើតេស្តលើកទី២ បន្តទៀត។ ចំពោះអ្នកប៉ះពាល់ ដោយប្រយោលចំនួន ២១១ នាក់ ត្រូវបានអាជ្ញាធរខេត្ត ដាក់ខ្លួនឲ្យនៅដាច់ដោយ ឡែករយៈពេល ១៤ថ្ងៃ នៅតាមផ្ទះដោយត្រូវអនុវត្តវិធានការសុខាភិបាល និងរង់ចាំលទ្ធផលធ្វើតេស្តជាលើកទី២ របស់អ្នកប៉ះផ្ទាល់ចំនួន ៩ នាក់ដើម្បីមានវិធានការបន្ត ។

រដ្ឋលបាលខេត្ត ក៏បានអំពាវនាវអ្នកពាក់ព័ន្ធ ឬដឹងថាខ្លួនបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយបុរសខាងលើ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ និងចូលរួមអនុវត្តបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២៤ មីនានេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៨១៧នាក់ អ្នកជាសះស្បើយចំនួន១០៣៣ នាក់ អ្នកកំពុងព្យាបាលចំនួន ៧៧៧នាក់ និងអ្នកស្លាប់ ៥នាក់៕

To Top