ព័ត៌មានជាតិ

ភ្នំពេញ កណ្តាល ព្រៃវែង សៀមរាប និងព្រះសីហនុ ជាភូមិសាស្ដ្រ កំណត់កាតព្វកិច្ច ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានកំណត់ភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងសៀមរាប ដែលមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនោះ ត្រូវអនុវត្ត កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

តាមសេចក្តីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា «ក្រសួងសុខាភិបាល សូមជម្រាបជូនអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជន ទាំងអស់ មេត្តាជ្រាបថា ភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្ត សៀមរាប ត្រូវបានកំណត់យកជាភូមិសាស្ត្រ ដែលមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឲ្យមានការអនុវត្ត កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សា គម្លាតសុវត្ថិភាព ស្របតាមប្រកាស ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍»។

លិខិតបន្ដថា ចំពោះបុគ្គលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព បុគ្គលត្រូវបានកំណត់ ស្តីពីកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ លោកថា ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព បុគ្គលនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃ ជូនដំណឹងនេះ រហូតដល់មានការ ជូនដំណឹងជាថ្មី។

លិខិតក៏បានណែនាំ ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការ ដើម្បីធានាអនុវត្ត ឲ្យបានម៉ឺងម៉ាត់ នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សា គម្លាតសុវត្ថិភាព ហើយសាធារណជនទាំងអស់ ត្រូវចូលរួមអនុវត្តខ្ជាប់ខ្ជួន នូវកាតព្វកិច្ចនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក នាថ្ងៃទី២៤ មីនា ដោយផ្ញើសារកុំឲ្យ ប្រជាពលរដ្ឋចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់ ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគមន៍ តែក្នុងករណី ត្រូវជួបមនុស្ស នៅខាងក្រៅ ត្រូវរក្សាគម្លាត ៕

To Top