នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះល្បិចឆបោកប្រាក់តាមកម្មវិធីឆ្នោតផ្សង សំណាងក្លែងក្លាយ ហើយប្រសិនបើជួបករណីនេះ ត្រូវរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ នាយកដ្ឋានព័ត៌មានវិទ្យាសង្កេតឃើញមានទំព័រហ្វេសប៊ុកក្លែងបន្លំ ផ្សព្វផ្សាយឆ្នោតផ្សងសំណាងផ្សេងៗដែល មានចេតនាទុច្ចរិត និងឆបោកប្រាក់ពីជនរងគ្រោះជាច្រើនករណី ដោយប្រើប្រាស់បច្ចេកទេស។
នាយកដ្ឋានព័ត៌មានវិទ្យាបន្ដថា ការឆបោកប្រាក់ពីជនរងគ្រោះ មានដូចជា ៖ បង្កើតទំព័រហ្វេសប៊ុកផេកក្លែងក្លាយ ធ្វើការផ្សព្វផ្សាយឆ្នោតផ្សងសំណាងផ្សេងៗ ,អូសទាញប្រជាពលរដ្ឋ ក្នុងការទិញឆ្នោត ដោយប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់ផ្សេងៗ ,បន្ទាប់ពីការទូទាត់ប្រាក់ ប្រជាពលរដ្ឋ ពុំអាចទទួលបានប្រាក់ត្រូវឆ្នោត ឬប្រាក់ដើមត្រឡប់មកវិញឡើយ ,ករណីមួយចំនួនម្ចាស់ទំព័រហ្វេសប៊ុកផេកក្លែងបន្លំ បានស្នើសុំព័ត៌មានមួយចំនួន (ព័ត៌មានអត្តសញ្ញាណបុគ្គល លេខគណនីធនាគារ លេខសម្ងាត់គណនីអ៊ីនធឺណិត ជាដើម) ពីជនរងគ្រោះផងដែរ៕