ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ទោះបីក្នុងវិបតិ្ត ជំងឺកូវីដ-១៩ ពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-សិង្ហបុរី មានទំហំ៤,២៤ប៊ីលានដុល្លារ ហើយការវិនិយោគ របស់សិង្ហបុរី នៅកម្ពុជា មានទំហំទៅដល់១,២៩ ប៊ីលានដុល្លារ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២០។
ក្នុងជំនួបសម្ដែងការគួរសមរវាង លោកស្រី ធាវ ឡេ ឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ប្រចាំកម្ពុជា នា ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅវិមានព្រឹទ្ធសភា សម្តេច សាយ ឈុំ បានបង្ហាញសេចក្តីពេញចិត្តចំពោះ ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនជាបន្តបន្ទាប់។
សម្ដេច មានប្រសាសន៍ថា «ឯកភាពចំពោះប្រសាសន៍ របស់លោកជំទាវឯកអគ្គរដ្ឋទូត ដែលបានលើកឡើកទាក់ទងនឹ ងបញ្ហាសេដ្ឋកិច្ច-សង្គម។ ទោះបីជាស្ថិតក្នុងវិបតិ្តនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរ មានទំហំ៤,២៤ប៊ីលានដុល្លារអាមេរិក ហើយការវិនិយោគរបស់ប្រទេសសិង្ហបុរី នៅព្រះរាជាណាចក្រកម្ពុជា មានទំហំ ទៅដល់១,២៩ ប៊ីលានដុល្លារអាមេរិក (ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២០)»។
សម្តេចប្រមុខរដ្ឋស្តីទី ក៏បានស្នើឯកអគ្គរដ្ឋទូតសិង្ហបុរី ជួយជំរុញការធ្វើវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម របស់ប្រទេសទាំងពីរ ក្នុងដំណាក់កាល នៃរីករាលដាលនៃជំងឺកូវីដ-១៩។
នាឱកាសនោះ លោកស្រី ធាវ ឡេ ឈិង លើកឡើងថា វិស័យសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ មានការ កើនឡើងជាលំដាប់ ជាពិសេស អ្នកវិនិយោគិនសិង្ហបុរី បានសហការយ៉ាងជិតស្និទជាមួយ នឹងអ្នកវិនិយោគកម្ពុជា ក្នុង ការអភិវឌ្ឍលើកកម្ពស់វិស័យបច្ចេកវិទ្យា និងវិស័យឌីជីថល ក្នុងនោះ វិស័យដែលលេចធ្លោជាងគេ គឺវិស័យទេសចរណ៍ និងវិស័យបដិសណ្ឋាកិច្ច។
លោកបញ្ជាក់ថា ការហោះហើរត្រង់ពីប្រទេសសិង្ហបុរី មកកម្ពុជា គឺមានការកើនឡើង ៩ដងក្នុងមួយសប្តាហ៍ ដែលអាចជំរុញលើកកម្ពស់ទំនាក់ទំនង និងការផ្សារភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕