ភ្នំពេញ៖ ក្នុងស្ថានភាពដែលកូវីដ-១៩ បានបម្លែងខ្លួន ហើយនឹងកំពុងវាយលុក មកលើពលរដ្ឋ ទូទាំងពិភពលោក ក៏ដូចនៅកម្ពុជា កាន់តែគួរឲ្យភ័យខ្លាច បំផុតនៅពេលនេះ ប្រមុខដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ បានអំពាវនាវផង អង្វរដ៏ទទួចផង ដល់ពលរដ្ឋឲ្យប្រយត្ន័ និងបើគ្មានការចាំបាច់ ត្រូវនៅក្នុងផ្ទះ ដើម្បីជៀសផុតពីការឆ្លង នៃជំងឺដ៏កំណាចមួយនេះ ជាមួយគ្នានឹងការអនុវត្ត ៣ការពារ និង៣កុំ ជាប់ជាប្រចាំផងដែរ ។
ការរីករាលដាលនៃកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគម ២០កុម្ភៈ ដោយអនុលោម តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា “សំរាប់មន្ត្រីរាជការបុគ្គលិក ក្នុងស្ថាបន័រដ្ឋ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក ទាំងវិស័យសាធារណៈ និងឯកជនទាំងអស់ ធ្វើការនៅផ្ទះ តាមប្រពន្ធ័អនឡាញ ដោយមិនចាំបាច់ មកធ្វើការផ្ទាល់នោះទេ ដោយទុកអ្នកមកធ្វើការផ្ទាល់ ក្នុងមួយស្ថាប័ន ឬក្រុមហ៊ុនមានត្រឹម ១០% តែប៉ុណ្ណោះ” ។
ស្ថិតក្នុងបរិបទសម័យកាល កូវីដដ៏លំបាកនេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បើទោះបីជាមានផលលំបាកមួយចំនួន យ៉ាងណាក៏ដោយ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៅតែខិតខំបន្ត ដឹកនាំមន្ត្រីបុគ្គលិក ក្នុងស្ថាបន័យឲ្យបំពេញការងារ បម្រើសេវាជូន សមាជិករបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងភាពទាន់ពេលវេលា ជូនដល់សមាជិករបស់ខ្លួន។
ក្រៅពីកិច្ចការ ដែលបានបំពេញដ៏សំខាន់ នៅក្នុងស្ថាប័នរបស់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម បានអញ្ជើញធ្វើបាឋកថា ជូនដល់សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១១ សិស្សមន្រ្តីក្រមការ ជំនាន់ទី៩ និងកម្មសិក្សាការីទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល ដោយក្នុងនោះ ក៏មានវត្តមានចូលរួម ពីសំណាក់លោក យក់ ប៊ុនណា រដ្ឋលេខាធិការ ប្រចាំការនៃក្រសួងមុខងារ សាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ក្រោមប្រធានបទ “តួនាទី និងភារកិច្ច របស់បេឡាជាតិសន្តិសុខសង្គម” ដ៏សំខាន់មួយនេះផងដែរ ។
បទបង្ហាញនេះ មានសារៈសំខាន់ណាស់ ក្នុងការបញ្ជា្របការយល់ដឹង ទៅកាន់សិស្សមន្រ្តីជាន់ខ្ពស់ សិស្សមន្រ្តីក្រមការ និងកម្មសិក្សាការីទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល ស្តីអំពីបេសកកម្មរបស់ ប.ស.ស. ដើម្បីយកទៅផ្សព្វផ្សាយបន្ត ក្នុងន័យលើកកម្ពស់ ការផ្តល់សេវាគាំពារសង្គម ដើម្បីធានាឱ្យមានសមធម៌ និងសាមគ្គីធម៌សង្គម និងដើម្បីរួមចំណែកលើកកម្ពស់ សុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងគ្រាបច្ចប្បន្នដែល កូវីដ-១៩ នៅតែបន្ត វាយលុកមិនទាន់ចប់នៅឡើយ ។
សូមបញ្ជាក់ថា បទបង្ហាញនាព្រឹកមិញនេះ ធ្វើឡើងពេញមួយព្រឹក នៅសាលប្រជុំ ប.ស.ស. រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)៕