ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ក្នុង១ខែ ដល់កម្មករ៣ខែ បន្ថែមទៀត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ក្នុង១ខែ សម្រាប់កម្មករ-និយោជិត ១នាក់ ដែលបំពេញការងារ ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប រយៈពេល៣ ខែបន្ថែមទៀត ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។

តាមសេចក្ដីជូនដំណឹងរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិតអនុញ្ញាតឱ្យពន្យារ ការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹង៖

ទី១-បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត១ នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល ៣ ខែបន្ថែមទៀតពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។ ម្ចាស់រោងចក្រ-សហគ្រាសក្នុងវិស័យនេះ ត្រូវបន្ថែមចំនួន ៣០ ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត ១ នាក់ (ជាសរុប កម្មករ-និយោជិត ១ នាក់ ទទួលបាន៧០ ដុល្លារអាមេរិក ក្នុងមួយខែ)។

ទី២-បន្តផ្ដល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករ-និយោជិត ០១ នាក់ ដែលបំពេញការងារក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ ២០២១ ។ សហ-គ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។

ទី៣-បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ ២០២១ ។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ ។

និងទី៤- បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម ៕

To Top