ភ្នំពេញ ៖ ក្រោយមានការចេញផ្សាយ បំផ្លើសថា DJ ប៊ូម ស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ គឺក្រោយការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩រួចនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសច្រានចោលថា ជារឿងមិនពិតឡើយ។

លោកស្រីបានចេញបដិសេធ នៅព្រឹកថ្ងៃទី២៦ មីនា ថា ការពិតសពនាយប៊ូម ដែលស្លាប់ដោយកូវីដ១៩នោះ គឺមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ទេ។ ដូច្នេះសុំកុំមានការយល់ច្រឡំ និងចែកចាយបន្តនូវព័ត៌មានមិនពិតនេះ។

លោកស្រីបញ្ជាក់ថា “ក្រសួងសុខាភិបាល សូមច្រានចោលលើការចុះផ្សាយនេះ។ ការពិតគឺសពនេះ មិនទាន់បានចាក់វ៉ាក់សាំងកុវីដ១៩ នៅឡើយ។ សុំមេត្តាកុំបន្តចែកចាយដែលធ្វើឲ្យមានការភ័ន្តច្រឡំ”។ ជាមួយគ្នានេះ ក្នុងនាមក្រសួងលោកស្រី ឱ វណ្ណឌីន បានសម្តែងការចូលរួមសោកស្តាយ ជាមួយក្រុមគ្រួសារនាយប៊ូម។

សូមបញ្ជាក់ថា បុរសឈ្មោះឈាន ប៊ុនធឿនអាយុ៣៨ឆ្នាំ ហៅថា DJ ប៊ូម ជាជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសរសេរព័ត័មាន អភិវឌ្ឍន៍សង្គមខ្មែរ ស្នាក់នៅភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃ២៥ មីនា។ រូបគេត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃ១៦ មីនា ហើយបញ្ជូនមកព្យាបាលសណ្ឋាគារ ហ្គ្រេនឌុកកាលពីថ្ងៃ២០ មីនា ។ DJ ប៊ូម ត្រូវបានជំងឺកូវីដ១៩ វាយលុកធ្វើឲ្យខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសង់ខាំងធ្ងន់ធ្ងរខ្លាំង ។ លើសពីនេះទៀត អ្នកជំងឺបានសភាពធាត់កំរិត១ និងលើសឈាមផងដែរ ៕

