ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពន្យារសុពលភាពបណ្ណ /សៀវភៅ ការងារជនបរទេស ឆ្នាំ២០២០ រហូតដល់ចុងខែឧសភាឆ្នាំ២០២១នេះ ។
យោងតាមសេចក្តីជូនដំណឹង ក្រសួងការងារនៅថ្ងៃ២៦ មីនា បានលើកឡើងថា ដោយសារស្ថានភាពឆ្នាំ២០២១ បញ្ហាជំងឺឆ្លងកវីដ-១៩ នៅលើពិភពលោក និងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ធ្វើឲ្យជនបរទេស ធ្លាប់មានបណ្ណ/សៀវភៅ ការងារជនរបទេសឆ្នាំ២០២០ មួយចំនួនធំ មិនទាន់បានត្រឡប់ពីប្រទេសកំណើត ដើម្បីបំពេញការងារ របស់ពួកគាត់នៅឡើយ ។
លិខិតបន្តថា “ដូច្នេះក្រសួងការងារសូមជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស រោងចក្រ ក្រុមហ៊ុនទាំងអស់ ឲ្យបានជ្រាបថា ការស្នើសុំពន្យារសុពលភាព បណ្ណ/សៀវភៅ ការងារជនបរទេស ឆ្នាំ២០២១ ត្រូវបានពន្យារពេលដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដោយមិនតម្រូវឲ្យធ្វើការផាកពិន័យ សម្រាប់ជនបរទេស ដែលធ្លាប់មាន បណ្ណ/សៀវភៅការងារ ជនបរទេសឆ្នាំ២០២០ឡើយ” ។
ក្រសួងក៏បានបញ្ជាក់ថា ចំពោះជនបរទេសចូលថ្មីមកធ្វើការ ឬប្រកបអាជីវកម្មនៅកម្ពុជា ត្រូវបំពេញឯកសារ ឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ៕ ស សំណាង