ព័ត៌មានជាតិ

លោក សយ សុភាព ស្នើរាជរដ្ឋាភិបាល ពិចារណា យកថ្ងៃ២ ឬ២៩ ធ្នូ ដាក់ក្នុងប្រតិទិន ជាថ្ងៃឈប់សម្រាក

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឃមណ្ឌលព័ត៌មានដើមអម្ពិល បានស្នើរាជរដ្ឋាភិបាលកម្ពុជា ពិចារណាយកថ្ងៃទី២ ឬ២៩ ធ្នូ ដែលជាថ្ងៃខ្មែរ ទទួលបានសន្តិភាព និងការអភិវឌ្ឍប្រទេស ដាក់ក្នុងប្រតិទិន ជាថ្ងៃឈប់សម្រាក ដោយដោះដូរជាមួយថ្ងៃផ្សេង ដែលមាននៅក្នុងប្រតិទិន ។

លោក សយ សុភាព បានបញ្ជាក់យ៉ាងដូច្នេះថា «២ ឬ ២៩ ធ្នូ គួរត្រូវបានពិចារណា ដាក់ក្នុងប្រតិទិន និងអាចជាថ្ងៃឈប់សម្រាក ។ រាជរដ្ឋាភិបាលអាចពិចារណា យកថ្ងៃដែលខ្មែរ បានសុខសន្តិភាព និង ស្គាល់តែការអភិវឌ្ឍ ជាង២០ឆ្នាំកន្លងមកនេះ ដាក់បញ្ជូលក្នុងប្រតិទិន និងជាថ្ងៃឈប់សម្រាក ដោយដោះដូរជាមួយថ្ងៃផ្សេង ដែលមាននៅក្នុងប្រតិទិន ។ នេះជាការបង្ហាញ ឲ្យឃើញពីមហាសាមគ្គី និងរួបរួមមហាគ្រួសារខ្មែរតែមួយ» ។

លោក សយ សុភាព ថ្លែងថា ២ ឬ២៩ ធ្នូ ១៩៩៨ ជាថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ដាក់ចេញនយោបាយឈ្នះឈ្នះ បញ្ចប់អង្គការចាត់តាំង នយោបាយ និងយោធា របស់ចលនាឧទ្ទាមខ្មែរក្រហម ហើយថែមទាំងបង្កើតតុលាការ កូនកាត់កាត់ទោសអតីតមេដឹកនាំ ដែលបានកាប់សម្លាប់ប្រជាជនខ្មែរ អស់ជាង៣លាននាក់នៅចន្លោះ ១៧ មេសា ១៩៧៥ដល់ ៦មករា ១៩៧៩ថែមទៀត ។ ក្រៅពីនោះ បងប្អូនបានរស់នៅ ក្នុងសង្គមជាតិខ្មែរតែមួយ ខ្មែរឯកភាពទឹកដី១០០ភាគរយ ។

លោកបន្ថែមថា បរទេសពីរទេ ក្នុងសម័យសង្រ្គាមលោកលើកទី២ កាត់ដី ខ្មែរឲ្យសៀម និងប្រគល់ឲ្យ អាណាមគ្រប់គ្រង ។ លោកថា ក្រោយសម័យមហានគរជាង៧០០ឆ្នាំ ខ្មែរបានសន្តិភាព ចេញពីអាណានិគម ស្គាល់អធិបតេយ្យឡើងវិញ និងការអភិវឌ្ឍ ប្រទេសអស់ជាង ២០ឆ្នាំកន្លងមក ។

លោក សយ សុភាព គូសបញ្ជាក់ថា កត្តាទាំងនេះបានមកដោយសារថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និង ថ្ងៃ២ ឬ ២៩ ខែធ្នូ ឆ្នាំ១៩៩៨ របស់សម្តេចព្រះបិតាជាតិ ព្រះបាទ នរោត្តម សីហនុ និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ទាក់ទិនបញ្ហានេះដែរ លោកបានដាក់ក្ដីសង្ឃឹមថា «រាជរដ្ឋាភិបាល នឹងពិចារណា ដោយយកការពិត នៃ ប្រវត្តិសាស្ត្រមកអះអាង និងឲ្យកូនខ្មែរ យល់កាន់តែច្បាស់ថា ២ឬ២៩ ធ្នូ ១៩៩៨ ថ្ងៃខ្មែរបានសន្តិភាព និងការអភិវឌ្ឍប្រទេស ហើយក៏ជាការបញ្ជប់បាចទឹកដាក់គ្នា ។ ជយោ ៩ វិច្ឆិកា ១៩៥៣ និង ២ ឬ ២៩ ធ្នូ ១៩៩៨ ដែលនាំឲ្យខ្មែរឯកភាពជាតិ សាសនា ព្រះមហាក្សត្យ និង ស្ថិតស្ថេរជាអមតៈនៅក្នុងក្រអៅបេះដូង កូនខ្មែរ» ៕

To Top