Covid-19

វ៉ាក់សាំងស៊ីណូវ៉ាក់ ១.៥លានដូស នឹងបន្ដចាក់ជូនមន្ដ្រីរាជការ-ពលរដ្ឋ កំពុងប្រឈមកូវីដ-១៩

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១.៥លានដូស រាជរដ្ឋាភិបាលនឹងបន្ដចាក់ជូនមន្ដ្រីរាជការ និងប្រជាពលរដ្ឋ ដែលកំពុងប្រឈមចំពោះជំងឺកូវីដ-១៩ ជាពិសេសនោះ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងព្រះសីហនុ។

វ៉ាក់សាំងស៊ីណូវ៉ាក់ ប្រគល់ឲ្យកម្ពុជានាពេលនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងស្រុងដោយក្នុង១ដូស ចំនួន១០ដុល្លារ ដោយចំណាយថវិកា ចំនួន១៥លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងស៊ីណូវ៉ាក់ ១.៥លានដូស។

ក្នុងពិធីទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន១.៥លានដូស នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកស្រី យក់ សម្បត្តិ ប្រាប់ក្រុមអ្នកសារព័ត៌មានថា រាជរដ្ឋាភិបាលណែនាំឲ្យបន្តចាក់ជូនមន្រ្តីរាជការ ជនចាស់ជរា ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រះសីហនុដែលជាតំបន់ប្រឈមនឹងជំងឺកូវីដ-១៩។

លោកស្រីបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំង១.៥លានដូស គឺជាជំហានដំបូង ខ្ញុំទទួលបានការណែនាំ ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ គឺយើងបន្ដចាក់ជូនមន្ដ្រីរាជការ ហើយបងប្អូនប្រជាពលរដ្ឋចាស់ជរា ដែលកំពុងប្រឈមចំពោះជំងឺកូវីដ-១៩ ។ ចំពោះមុខនេះ រាជធានីភ្នំពេញ គឺជាទីតាំងមួយដែលប្រឈមខ្ពស់ ជាមួយនឹងខេត្តកណ្ដាល និងខេត្តព្រះសីហនុ ដូច្នេះ វ៉ាក់សាំង១.៥លានដូសនេះ គឺជាចំនួនមួយ ដែលអាចចាក់ជូនប្រជាពលរដ្ឋ ក្នុងមួយកម្រិតដែរ»។

លោកស្រីរៀបរាប់ថា លក្ខខណ្ឌនៃការប្រើប្រាស់ និងប្រសិទ្ធភាពរបស់ វ៉ាក់សាំង Sinovac មិនខុសប្លែកពីវ៉ាក់សាំង Sinopharm ឡើយ ហើយជីវិតវ៉ាក់សាំងនេះ អាចប្រើប្រាស់បានក្នុងរយៈពេល ៣៦ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឲ្យចាក់ ក្នុងរយៈពេល ៦ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ ៕

To Top