ព័ត៌មានជាតិ

យុទ្ធនាការចាក់​ វ៉ាក់សាំង លើកទី២ ខេត្តកំពង់ចាម គ្រោងរៀបចំ ទីតាំងចំនួន២៨ និងចាក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត ជាង២ម៉ឺននាក់

កំពង់ចាម ៖ ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ លើកទីពីរនេះ រដ្ឋបាលខេត្តកំពង់ចាម បានត្រៀមលក្ខណៈបើកប្រតិបត្តិការ ចាក់ វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត ប្រមាណជាង ២ ម៉ឺននាក់ និងត្រៀមទីតាំង សម្រាប់ចាក់វ៉ាក់សាំង ចំនួន២៨កន្លែង នៅតាមបណ្ដាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម ។

លោក គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានលើកឡើង ដូច្នេះនាព្រឹកថ្ងៃទី២៦ ខែមីនាឆ្នាំ ២០២១ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំ អនុគណៈកម្មការ ចំពោះកិច្ចការ វ៉ាក់សាំងកូវីដ-១៩ ដឹកនាំប្រជុំ ដោយលោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ខេត្ត ចូលរួមដោយមន្ទីរស្ថាប័ន អង្គភាពជុំវិញខេត្ត និង អភិបាលស្រុក-ក្រុង ក្នុងខេត្តកំពង់ចាម ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក គឹមសួរ ភីរុណ បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងលើកទី១ មន្ទីរសុខាភិបាលខេត្ត ទទួលបានវ៉ាក់សាំងចំនួន១០.៨០០ ដូស អាចចាក់បាន ៥.៤០០ នាក់ ។ ដូច្នេះមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យ កំពុងប្រតិបត្តិការចាក់វ៉ាក់សាំងដូសទី២ បានចំនួន ៣.៣៣១ នាក់ហើយ ដោយបានរៀបចំទីតាំង ចំនួន៩ តាមមន្ទីរពេទ្យបង្អែកក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម និង មានក្រុមគ្រូពេទ្យ១១ ក្រុម ក្នុងមួយក្រុមមាន ១០ នាក់ ។

ដោយឡែក ក្នុងផែនការយុទ្ធនាការ ចាក់វ៉ាក់សាំងលើកទី២នេះ លោកប្រធានមន្ទីរសុខាភិបាលឲ្យដឹងដែរថា តាមព័ត៌មាន ក្រៅផ្លូវការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម អាចទទួលបាន វ៉ាក់សាំងចំនួន ៥០.០០០ ដូស ដែលអាចចាក់បាន ២៥.០០០ នាក់ ។ ជាមួយគ្នានេះដែរ មន្ទីរសុខាភិបាល ក៏បានរៀបចំទីតាំងបន្ថែមទៀត មានសរុប ២៨ ទីតាំងនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព នៃបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាមតែម្តង។ ក្នុងនោះដែរ មានគ្រូពេទ្យសរុប៤១ ក្រុម ក្នុងក្រុមនីមួយៗ មានក្រុមគ្រូពេទ្យ១០នាក់ ។

លោក គឹមសួរ ភីរុណ បានបញ្ជាក់ថា យុទ្ធនាការលើកទី២ ក្នុងពេលឆាប់ៗខាងមុខនេះ ក្រសួងសុខាភិបាលបានណែនាំឲ្យប្រើរយៈពេលតែ ១៤ ថ្ងៃប៉ុណ្ណោះ ដើម្បីចាក់ឲ្យអស់វ៉ាក់សាំង ។

ជាមួយគ្នានេះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត បានណែនាំឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ រៀបចំឯកសារផែនការ ឲ្យបានឆាប់រហ័ស ដើម្បីបញ្ជូនទៅក្រសួងសុខាភិបាល ធ្វើការពិនិត្យ និងសម្រេច ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា ក្នុងយុទ្ធនាការចាក់ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ លើកទី២នេះ រដ្ឋបាល ខេត្តកំពង់ចាម បានយកទីតាំង សាលាខេត្ត ដើម្បីចាក់ជូនមន្ត្រីរាជការ ដោយរៀបចំ គ្រូពេទ្យចំនួន ៤ក្រុម ដែលអាចចាក់បានចំនួន ៦០០នាក់ ក្នុង១ថ្ងៃ ។ ដូច្នេះ លោក សូមឱ្យប្រធានមន្ទីរ ក៏ដូចអភិបាលក្រុង-ស្រុក ទាំងអស់ សូមបញ្ជូនឈ្មោះមន្ត្រី រាជការ របស់ខ្លួន ក្នុងគោលការណ៍ ស្ម័គ្រចិត្ត រាប់ពីសមាជិកភូមិ រហូតដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីក្រុមប្រឹក្សា ស្រុកផងដែរ ដើម្បីឱ្យរដ្ឋបាលខេត្ត រៀបចំកម្មវិធី ចាក់វ៉ាក់សាំង ជូនពួកគាត់ បានទាន់ពេលវេលា នៅពេលដែលរដ្ឋបាលខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំង ពីក្រសួងសុខាភិបាល ក្នុងពេលឆាប់ៗខាងមុខនេៈ ៕

To Top