ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិ ប្រចាំសប្ដាហ៍

រាជរដ្ឋាភិបាល លើកទឹកចិត្ត ឲ្យក្រុមហ៊ុន អភិវឌ្ឍអចលនវត្ថុ បន្ធូរបន្ថយដល់ពលរដ្ឋ ដែលទិញផ្ទះ និងខុនដូរ ក្នុងបរិបទជំ ងឺកូវីដ-១៩

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និង អំពាវនាវឲ្យ ក្រុមហ៊ុនអភិវឌ្ឍ អចលនវត្ថុទាំងអស់ នៅក្នុងប្រទេសកម្ពុជា បន្ធូរបន្ថយដល់ប្រជាពលរដ្ឋ ក្នុងការ ទិញផ្ទះ និងខុនដូរ ក្នុងបរិបទការ រីករាលដាលជំងឺកូវីដ-១៩។

យោងតាមសេចក្ដី ប្រកាសព័ត៌មានរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា ដោយទទួលបានអនុសាសន៍ ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាពីបញ្ហាប្រឈម នៃវិស័យ អចលនវត្ថុ ក្នុងបរិបទនៃការរីករាលដាល ជំងឺកូវីដ-១៩ និងវិធានការ អនុគ្រោះផ្សេងៗ ដល់អ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ។

ប្រភពដដែល បន្ដថា ក្នុងស្ថានភាពបច្ចុប្បន្ន នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលបានប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដើម្បីជួយដោះស្រាយ បញ្ហាសម្ពោធហិរញ្ញវត្ថុ របស់ប្រជាពលរដ្ឋ ជាអ្នកទិញអចលនវត្ថុ នៅតាមបុរី និងអគារសហកម្មសិទ្ធិនានា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ធ្វើការអំពាវនាវ និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ ដូចជា ៖

ទី១-ពិនិត្យពីលទ្ធភាពបន្ធូរបន្ថយ លក្ខខណ្ឌបង់រំលស់ ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន។

ទី២-លើកលែង ការផាកពិន័យ ចំពោះអ្នកទិញ អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ក្នុងករណីដែលអ្នកទិញយឺតយ៉ាវ មិនបានបង់ប្រាក់ តាមកាលកំណត់។

ទី៣-មិនត្រូវមានបន្ទុកការប្រាក់ ឬជាប់ការពិន័យបន្ថែម ចំពោះការយឺតយ៉ាវ ក្នុងការបង់ប្រាក់រំលស់។

ទី៤-ដាក់ចេញនូវគោល នយោបាយគាំពារនានា ដល់អតិថិជនរបស់ខ្លួន លើការបង់រំលស់អចលនវត្ថុក្នុងបុរី និង អគារសហកម្មសិទ្ធិនានា។

និងទី៥-អនុវត្តវិធានការទាំងនេះ ឲ្យមានប្រសិទ្ធភាព រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២២។

ជាងនេះទៅទៀត ធនាគារជាតិ នៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តតាមដានការវិវត្តសភាពការណ៍ថ្មីៗ បន្តទៀត ព្រមទាំងផ្តល់កិច្ច សហប្រតិបត្តិការល្អ ក្នុងការអនុវត្តវិធានការខាងលើ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់៕

អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតហើយ បានស្លាប់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ម្នាក់ ភេទប្រុស ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ បានស្លាប់ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ មីនា បានឲ្យដឹងថា «យោងតាម របាយការណ៍ពីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ ភេទប្រុស ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និងជាប្រធានគណៈកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្ត្រកីឡា រាជធានីភ្នំពេញ បានទទួលមរណភាព នៅថ្ងៃទី ២២ មីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត»។

ក្រសួងបន្ដថា បុរសវ័យ ៧៥ឆ្នាំខាងលើនេះ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត នា ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ក្នុងសភាពហត់ខ្លាំង។ ភ្លាមៗក្រោយពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបាន ពិនិត្យឃើញថា គាត់មានអាការហត់ខ្លាំង និងពិបាក ដកដង្ហើម ព្រមទាំងមានការវិវត្តយ៉ាងរហ័ស ទៅរកសភាពធ្ងន់ធ្ងរខ្លាំងក្នុងរយៈពេល ៣-៤ថ្ងៃមុនចូលដល់មន្ទីរពេទ្យ ហើយគាត់មានជំងឺប្រចាំកាយ លើសឈាមផង។

ក្រោយពីការថតសួត បានរកឃើញថា មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមានខ្សោយសួតខ្លាំង ដែលក្រុមគ្រូពេទ្យបានព្យាយាមជួយគាត់ រហូតដល់ប្រើម៉ាស៊ីន ជំនួយដង្ហើមហើយនៅតែ មិនអាចជួយបាន ហើយគាត់ក៏បានធ្វើមរណកាលទៅ។

បុរសខាងលើនេះ មានតេស្តវិជ្ជមាន វីរុសកូវីដ-១៩ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។

ក្រសួងបន្ថែមថា តាមសេចក្តីសន្និដ្ឋាន អ្នកជំងឺបានស្លាប់ នៅថ្ងៃទី២២ មីនា ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង និង រលាកសួតសងខាងធ្ងន់ធ្ងរខ្លាំង ដោយសារជំងឺកូវី៩-១៩។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ២២មីនា កម្ពុជាមាន ពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៤នាក់ហើយ ដោយមាន២នាក់ជាមន្រ្តីប៉ូលីសនៅក្រសួងមហាផ្ទៃ និងស្ត្រីម្នាក់ជាម្តាយតារាចម្រៀងវី ឌីណែត អាយុ៦២ឆ្នាំ ព្រមទាំងលើកនេះជាមន្រ្តីពេទ្យចូលនិវត្តន៍៕

ក្រសួងមុខងារសាធារណៈ ប្រកាសបើកផ្ដល់បៀវត្ស ជូនមន្ដ្រីរាជការស៊ីវិល និងមន្ដ្រីជាប់កិច្ចសន្យា សម្រាប់ខែមេសា និងឧសភា

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានប្រកាសបើកផ្ដល់បៀវត្ស ជូនមន្ដ្រីរាជការស៊ីវិល និងមន្ដ្រីជាប់កិច្ចសន្យា សម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២១។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ការបើកផ្តល់ បៀវត្សសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២១ ជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ត្រូវសហការរៀបចំអនុវត្ត ដូចខាងក្រោម៖

ទី១-ការបើកផ្តល់បៀវត្សសម្រាប់ខែមេសា គឺត្រូវរៀបចំបើកផ្តល់បៀវត្សប្រចាំខែតែមួយលើក រួមទាំងប្រាក់ឧបត្ថម្ភក្នុង ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងឱ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

និងទី២-ការបើកផ្តល់បៀវត្សសម្រាប់ខែឧសភា និងខែបន្តបន្ទាប់ គឺត្រូវរៀបចំបើកផ្តល់រៀងរាល់ពីរសប្តាហ៍ម្តង ដោយ អនុវត្តតាមស្មារតីសារាចរលេខ ស្តីពីការកំណត់នីតិវិធីសម្រាប់ការបើកផ្តល់ បៀវត្សរៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីសាធារណៈផ្សេងទៀត ៕

ម្តាយរបស់តារាកំប្លែង ស្រីពីន ជាជនទី៥ ស្លាប់ដោយជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ទៀត នៅមន្ទីរពេទ្យរុស្ស៊ីដែលជាមនុស្សទី៥ បន្ទាប់ពីពេទ្យចូលនិវត្តន៍អាយុ៧៥ឆ្នាំបានស្លាប់កាលពីថ្ងៃ២២ មីនា ។

ស្រ្តីដែលស្លាប់នេះ មានអាយុជាង៦០ឆ្នាំ មានទីលំនៅក្នុងខណ្ឌមានជ័យ ត្រូវបានគេដឹងថា ជាម្តាយរបស់តារាកំប្លែងស្រី ឈ្មោះថា ស្រី ពីន ជាក្រុមកំប្លែងរបស់នាយក្រឹម ។

ស្រ្តីវ័យចំណាស់នេះ បានឆ្លងជំងឺកូវីដ១៩នាថ្ងៃ២០ មីនា ហើយក៏បានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២៣ មីនា កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៧៨៨ នាក់ អ្នកជាសះស្បើយចំនួន៩៩៩នាក់ អ្នកកំពុងព្យាបាលចំនួន៧៨៣នាក់ និងអ្នកស្លាប់ចំនួន៤នាក់ រាប់ទាំងស្រ្តីវ័យចំណាស់នេះគឺ៥នាក់ ៕

សាលាខេត្តសៀមរាប ដាក់ពាក្យប្ដឹង លោក ផែង វណ្ណៈ ចំនួន៣បទល្មើស

ភ្នំពេញ៖ សាលាខេត្តសៀមរាប តាមរយៈលោកមេធាវី អ៊ុន ច័ន្ទថុល ជាសមាជិកគណៈមេធាវី នៃកម្ពុជា និងជាតំណាង ដោយអាណត្តិ ឲ្យសាលាខេត្តសៀមរាប បានសម្រេចដាក់ពាក្យប្តឹង លោក ផែង វណ្ណៈ ចំនួន៣បទល្មើស រួមមាន ៖ ពីបទញុះញង់ ឲ្យមានការរើសអើង , បទអំពើញុះញង់ ប្រព្រឹត្តតាមផ្លូវសារព័ត៌មាន និងបទប្រមាថ ចំពោះអ្នករាជការសាធារណៈ ។

ពាក្យបណ្តឹងរបស់ សាលាខេត្តសៀមរាប ត្រូវបានលោកមេធាវី អ៊ុន ច័ន្ទថុល ដាក់ទៅអយ្យការ អមសាលាដំបូង ខេត្តសៀមរាប រួចរាល់ហើយ កាលពីថ្ងៃទី២៣ មីនា។

ក្នុងពាក្យបណ្តឹង របស់សាលាខេត្តសៀមរាប នាពេលថ្មីៗនេះ បានបញ្ជាក់ថា «ប្តឹងឈ្មោះ ផែង វណ្ណៈ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ពីបទ ញុះញង់ឲ្យមានការរើសអើង តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៦ ,បទអំពើញុះញង់ ប្រព្រឹត្តតាមផ្លូវសារព័ត៌មាន បញ្ញាត្តិមាត្រា៤៩៧ និងបទប្រមាថ ចំពោះអ្នករាជការសាធារណៈ បញ្ញត្តិមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលកើតឡើង កាលពីអំឡុងថ្ងៃទី១៤ ១៥ និង ១៦ ខែមីនា ឆ្នាំ២០២១»។

សូមជម្រាបថា ក្រោយពីការបែកធ្លាយនូវ វីដេអូតាមបណ្ដាសង្គមហ្វេសប៊ុក អំពីអង្គហេតុកាលពីថ្ងៃទី១៣ មីនា គឺព្រះមហាវិមលធម្ម ពិន សែម បានអនុវត្តករណី​ដាក់ទណ្ឌកម្មចំពោះភិក្ខុ សាមណេរក្រោមឱវាទ ដោយអនុវត្ត នូវវិន័យវាយប្រដៅ ដោយរំពាត់ផ្ដៅ បានធ្វើឲ្យមានការរិះគន់ ពីពុទ្ធបរិស័ទ និងមហាជនទូទៅអំពីករណី ការអប់រំទូន្មានប្រៀនប្រដៅ ក្នុងគោលបំណង អប់រំកែប្រែអត្តចរិត ចចេស រឹងរូស មានៈរបស់ភិក្ខុសាមណេរ ដែលបានប្រព្រឹត្តខុស ហើយមិនព្រមអនុវត្តតាម ហើយនៅតែបន្ដធ្វើទង្វើ ខុសឆ្គងជាដដែលៗ ។

ដូចនេះ ការវាយប្រដៅរំពាត់ផ្ដៅ ទៅលើសាមណេរ ៣អង្គនោះ គឺជាការវាយប្រដៅ ក្នុងគោលបំណង អប់រំទូន្មាន ប្រៀនប្រដៅឲ្យបុគ្គលនោះ ក្លាយជាមនុស្សល្អ ដោយក្ដីស្រលាញ និងក្ដីអាណិតអាសូរតែប៉ុណ្ណោះ ពុំមានបំណងស្អប់ខ្ពើម ឬគុំគួន ឬធ្វើទារុណកម្មនោះឡើយ។

បន្ទាប់មកទៀត លោក ផែង វណ្ណៈ បាននិយាយរិះគន់ ដល់សមាសភាពអ្នកចូលរួម ធ្វើកំណត់ហេតុសម្របសម្រួល ករណីហិង្សា បានកើតឡើងរវាង ព្រះសង្ឃ និងព្រះសង្ឃក្នុងវត្តរាជបូណ៍ ដោយប្រើពាក្យអសុរោះ មិនគួរគប្បី និងពាក្យប្រមាថ ចំពោះអ្នករាជការសាធារណ ដោយនិយាយថា «ដល់ថ្នាក់ចៅហ្វាយខេត្តរង ដល់ថ្នាក់ស្នងការរង ទៅសន្និដ្ឋានរឿងក្រឡិបអីចឹង។ ប៉ុន្តែបែរជានាំគ្នាទៅសន្និដ្ឋាន ទាំងល្ងីល្ងឺពកថ្ងាស ច្រាសបាយរាជការ ប៉ុន្តែទៅសន្និដ្ឋាន ទាំងល្ងីល្ងឺពកថ្ងាស សុទ្ធតែមិនមែនករណីហិង្សា មិនមែនធ្វើទារុណកម្ម តើជាករណីស្អី បើសិនជាអីចឹងមែន ច្បាប់នៅសៀមរាប គេមានធ្វើអីចឹងមែន ស្អែក ខានស្អែក ខ្ញុំឡើងទៅសុំវាយក្បាលមនុស្ស បួនដប់នាក់នោះថា ខ្ញុំអប់រំ កុំចាប់ខ្ញុំ ទៅវាយក្បាល ពួកអ្នកគណៈកម្មការនោះ មានទាំងមន្រ្តីប៉ុន្មានហ្នឹង ទៅដាក់ក្បាលម្នាក់មួយរំពាត់ៗ កុំចាប់ខ្ញុំ ព្រោះខ្ញុំគ្រាន់តែអប់រំថា កុំឲ្យធ្វើអីចឹងថ្ងៃក្រោយ ។ កុំចាប់ខ្ញុំ ខ្ញុំព្រះរាជអាជ្ញាទៅ ខ្ញុំវាយផ្តៅដូចគ្នា ខ្ញុំទៅវាយមន្រ្តីទាំងអស់ហ្នឹង ថាខ្ញុំរាស្រ្តម្ចាស់ឆ្នោត ខ្ញុំអត់ពេញចិត្តនឹងទង្វើ របស់អ្នកឯង អីចឹងខ្ញុំសុំយកផ្តៅហ្នឹង ទៅដាក់អ្នកឯងបួនដប់ផ្តៅ អាហ្នឹងវាជាវិន័យរបស់រាស្រ្ត មកសន្និដ្ឋានបង្រ្គប់កិច្ច ចេះតែមានម៉ង វាហួសហេតុ…»៕

រដ្ឋមន្រ្តីមុខងារសាធារណៈ ស្នើគ្រប់ក្រសួង ស្ថាប័ន ផ្ដល់ស្ថិតិជាបន្ទាន់នូវថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា មិនទាន់ចាក់វ៉ាក់សាំងកូវីដ

ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ស្នើថ្នាក់ដឹកនាំ និងប្រធានអង្គភាពគ្រប់ក្រសួង ស្ថាប័ន ត្រូវផ្ដល់ជាបន្ទាន់នូវស្ថិតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែល មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយគិតត្រឹមថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ៕

កម្ពុជា​ មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន២នាក់ទៀត

ភ្នំពេញ ៖ មនុស្ស២នាក់ទៀត ដែលម្នាក់ជាបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ពាក់ព័ន្ធជាមួយអ្នកនាងក្អីត តារាកំប្លែង មានផ្ទុកជំងឺកូវីដ១៩ និងបុរសជនជាតិចិន អាយុ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ បានស្លាប់ដោយសារជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។

បុរសជនជាតិខ្មែរនោះ ត្រូវបានគេដឹងថា ឈ្មោះឈាន ប៊ុនធឿន ហៅថា DJ ប៊ូម ជាជំនួយការ អគ្គនាយកផ្សារ នៅអង្គភាពសរសេរព័ត័មាន អភិវឌ្ឍន៍សង្គមខ្មែរ ស្នាក់នៅភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ រូបគេត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃ១៦ មីនា ហើយបញ្ជួនមកព្យាបាលសណ្ឋាគារ ហ្គ្រេនឌុកកាលពីថ្ងៃ២០ មីនា ។

DJ ប៊ូម ត្រូវបានជំងឺកូវីដ១៩ វាយលុកធ្វើឲ្យខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសង់ខាំងធ្ងន់ធ្ងរខ្លាំង ។ លើសពីនេះទៀត អ្នកជំងឺបានសភាពធាត់កំរិត១ និងលើសឈាមផងដែរ ។

គិតមកដល់ថ្ងៃ២៥ នេះកម្ពុជា មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ចំនួន៧នាក់ហើយ ៕

អ្នកនៅព្រែកហ្លួងម្នាក់ បានស្លាប់ដោយសារ ជំងឺកូវីដ១៩

ភ្នំពេញ៖ លោក ផន ចាន់ធឿន អាយុ៥៥ឆ្នាំ ជាមន្រ្តីប៉ូលិសចរាចរណ៍ នៅស្នងការដ្ឋានរាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្ដីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

បើយោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ម្នាក់ទៀត ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់៨នាក់ គិតត្រឹមព្រឹកថ្ងៃ២៦ មីនា ។

ប្រភពឲ្យដឹងទៀតថា “អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតនេះគឺអាយុ៥៥ឆ្នាំ បានស្លាប់កាលពីម៉ោង ១៦ រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១” ។

មុនពេលស្លាប់ដោយកូវីដ១៩នេះ លោក ផន ចាន់ធឿន មានអាការៈមិនស្រួលខ្លួន ក៏បានមកស្រុកកំណើតដើម្បីមើលជំងឺ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរ ក្រុមគ្រួសារក៏បានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យហើយបានយកសំណាក ទៅធ្វើតេស្តរកមេរោគកូវីដ១៩ លទ្ធផលបង្ហាញថា លោកមានផ្ទុកជំងឺកូវីដ១៩ ៕

អាណិតណាស់! លោកយាយអាយុ ៧៩ឆ្នាំ ឆ្លងកូវីដ១៩ ស្របពេលកំពុង មានជំងឺប្រចាំកាយធ្ងន់ធ្ងរ

ភ្នំពេញ៖ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤នាក់ទៀត នៅខណ្ឌមានជ័យ ក្នុងនោះមានលោកយាយអាយុ ៧៩ឆ្នាំម្នាក់ បានឆ្លងជំងឺដ៏កាចសាហាវនេះ ស្របពេល ដែលកំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ។ នេះបើតាមការបញ្ជាក់ របស់លោកីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ មីនានេះ លោក ម៉េង វិមានតារា បានឲ្យដឹងថា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ៩១១ បានចុះយកអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២នាក់ (ក្នុងនោះស្ត្រីអាយុ ៤១ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់) ស្នាក់នៅផ្ទះលេខ១១ ផ្លូវ៦៩BT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ។ ចំណែកឪពុក និងងកូនប្រុស គ្រូពេទ្យបានយកសំណាករួច ឲ្យបន្តធ្វើចក្តាឡីស័កនៅផ្ទះតែម្តង ដើម្បីរងចាំលទ្ធផល ។

លោកអធិការបន្តថា ចំណុចអាគារ ហុក អាន ផ្លូវ៣៧១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ក្រុមគ្រូពេទ្យបង្អែកច្បាអំពៅ បានមកយកអ្នកវិជ្ជមានកូវិ១៩ ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់លេខ២២៥ ជាន់ទី១ ។

លោកអធិការបញ្ជាក់ថា ដោយឡែកលោកយាយ អាយុ៧៩ឆ្នាំ ដែលវិជ្ជមានកូវីដ១៩ ស្នាក់នៅចំណុចផ្ទះលេខ1NZ ផ្លូវលេខ៣ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ត្រូវបានក្រុមគ្រូពេទ្យបង្អែកច្បាអំពៅ មកទទួលយកទៅព្យាបាល ។

លោកគូសបញ្ជាក់ថា អ្នកជំងឺទាំង ៤នាក់ខាងលើ ត្រូវបានយកទៅសម្រាកព្យាបាល នៅសណ្ឋាគារ The Great Duke ។ ហើយចំពោះទីតាំងខាងលើ ក៏ត្រូវហ៊ុព័ទ្ធជាបណ្តោះអាសន្នផងដែរ ៕

ទីតាំង ១២កន្លែង ក្នុងភូមិសាស្រ្តព្រែកអញ្ចាញ ត្រូវបានបិទ

ភ្នំពេញ៖ ទីតាំងចំនួនកន្លែងដែល ជាប់ពាក់ព័ន្ធអ្នកផ្ទុកជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តព្រែកអញ្ចាញ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ចុះបិទជាបណ្តោះអាសន្ន និងមានការយាមកាមផងដែរ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ។

បើតាមប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ គោលដៅមណ្ឌលចត្តាឡីស័ក បណ្ដោះអាសន្នតាមផ្ទះហាង និងធនាគារក្នុងភូមិសាស្ត្រឃុំព្រែកអញ្ចាញ ទាំង១២នោះរួមមាន ៖

១.ផ្ទះឈ្មោះ តាំង កុសល ហៅនិចភូមិព្រែកតាបែន
២.ផ្ទះឈ្មោះ សេត ស្រីហួយ ភូមិព្រែកតាបែន
៣.ផ្ទះឈ្មោះ គុំ សម្ភស ភូមិព្រែកតាបែន
៤.ផ្ទះឈ្មោះ ភឺន សុជាតិ ហៅពាវភូមិព្រែកថ្មី
៥.ផ្ទះឈ្មោះ ម៉ូ ស្រីម៉ី ភូមិក្រោម
៦.ផ្ទះឈ្មោះ ឃុត សុភក្រ្ត័ ភូមិក្រោម
៧.ហាងម្លប់ ស្បូវ ភូមិក្រោម
៨.ផ្ទះឈ្មោះ អ៊ី ឆេង ភូមិក្រោម
៩.ធនាគារអេស៊ីលីដា ភូមិក្រោម
១០.ឈ្មោះ សុធា សុធាវី ភូមិក្រោម
១១.ផ្ទះឈ្មោះ​ វ៉ែន សុផល ភូមិក្រោម
១២.ធនាគារ ABA ៕

រដ្ឋមន្រ្តីព័ត៌មាន លុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន២ ក្រោយបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចចេញប្រកាសលុប អាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួន២ ដែលបានបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួន បានតម្កល់ទុកនៅក្រសួងព័ត៌មាន។

អង្គភាពសារព័ត៌មានទាំង២ នោះរួមមាន ៖ ស្ទឹងច្រាលប៉ុស្តិ៍ WWW.stoengchrabost.com និងយុវជនតេជោ ៕

To Top