ភ្នំពេញ៖ ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចការទូត (ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌) ស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បាននាំយកផលិតផលខ្មែរជាង ៦០មុខ ដាក់តាំង បង្ហាញ និងលក់នៅក្នុងព្រឹត្តិការណ៍ Diplomatic Red Cross Bazzar លើកទី៥៤ ដែលរៀបចំឡើងនៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ ក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន។

យោងតាមស្ថានទូតកម្ពុជា ប្រចាំទីក្រុងបាងកកបានឲ្យដឹងថាព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើឡើងរយ:ពេល បីថ្ងៃ (២៧-២៩ មីនា) នៅផ្សារទំនើប Siam Paragon ដោយមានការចូលរួមពីស្ថានទូតនានា នៅក្នុងប្រទេសថៃចំនួន ៥១ រួមទាំងកម្ពុជាដើម្បីរៃអង្គាសថវិកា សម្រាប់គាំទ្រដល់សកម្មភាពមនុស្សធម៌ របស់ព្រះរាជវង្សានុវង្ស នៅក្រោមគម្រោងអង្គការកាកបាទក្រហមថៃ។

គួររម្លឹកដែរថា ព្រឹត្តិការណ៍ Diplomatic Red Cross Bazzar ត្រូវបានប្រារព្ធលើកដំបូងក្នុងឆ្នាំ១៩៦៧។ បច្ចុប្បន្នព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ និងពេញនិយមក្នុងចំណោមប្រជាជនថៃ និងភ្ញៀវទេសចរបរទេសហើយថវិកាទាំងអស់ ត្រូវបានចំណាយលើការទិញឧបករណ៍ វេជ្ជសាស្ត្រជូនមន្ទីរពេទ្យ និងមណ្ឌលថែទាំសុខភាព នៅតំបន់ដាច់ស្រយាល ឧបត្ថម្ភប្រជាជនក្រីក្រ ជួយព្យាបាលបបូរមាត់ឆែប និងជំងឺពិការអវៈយវៈផ្សេងៗ និងកាត់វ៉ែនតាសម្រាប់ សិស្សសាលានៅតំបន់ជនបទ ៕

