ព័ត៌មានជាតិ

WB ព្រមានថា ការប្រមូល វ៉ាក់សាំង ស្តុកទុករបស់ប្រទេសអ្នកមាន នឹងចាក់បាន៨០% ខណៈប្រទេសកំពុង អភិវឌ្ឍន៍បានតែ៥៥%

ភ្នំពេញ ៖ របាយការណ៍ របស់ធនាគារពិភពលោក (WB) បានព្រមានថា បរិមាណស្តុក និងការបែងចែកវ៉ាក់សាំង នាពេលបច្ចុប្បន្ន របស់បណ្តាប្រទេស ឧស្សាហកម្ម នឹងចាក់ វ៉ាក់សាំង បាន៨០ភាគរយ នៃប្រជាជន របស់ខ្លួនគិតត្រឹម ចុងឆ្នាំ២០២១ រីឯប្រទេសកំពុងអភិវឌ្ឍន៍ ដែលអាចនឹងសម្រេច បានប្រហែល៥៥ ភាគរយប៉ុណ្ណោះ ។ នេះយោងតាមរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ របស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃ២៥ មីនា។ ជាមួយគ្នានេះ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក AntonioGuterres ក៏បានធ្វើការរិះគន់ ដល់ប្រទេសអ្នកមាន ក្នុងពិភពលោក ទិញវ៉ាក់សាំង ស្តុកទុកនេះផងដែរ ។

បើតាមធនាគារពិភពលោក បានអំពាវនាវឲ្យបន្តសកម្មភាព ទប់ស្កាត់ជំងឺនេះ ឲ្យជាប់ដើម្បីជួយដល់សេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់ បរិស្ថានក្នុងការស្តារសេដ្ឋកិច្ច ឲ្យងើបឡើងវិញ ។

ប្រភពបន្តថា “របាយការណ៍ក៏ព្រមានដែរថា បើគិតតាមបរិមាណស្តុក និងការបែងចែកវ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ បណ្តាប្រទេសឧស្សាហកម្ម នឹងចាក់វ៉ាក់សាំងបាន៨០ភាគរយ នៃ ប្រជាជន របស់ខ្លួនគិតត្រឹមចុងឆ្នាំ២០២១ រីឯប្រទេស កំពុងអភិវឌ្ឍន៍ ដែលអាចនឹង សម្រេចបានប្រហែល ៥៥ភាគរយប៉ុណ្ណោះ ។ នៅក្នុងប្រទេសអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមួយ ចំនួន វិធានការសម្រាលការលំបាក ជីវភាពនៅមានតិចតួច បើធៀបទៅនឹងទំហំ នៃការបាត់បង់ ប្រាក់ចំណូល ហើយវិធានការទ្រង់ទ្រង់ សេដ្ឋកិច្ចក៏មិនទាន់ឆ្លើយតប បានទាំងស្រុង ចំពោះការខ្វះខាត នៃតម្រូវការ នៅពេល ដែលការវិនិយោគ សាធារណៈក៏មិនសូវមានជាដុំកំភួន នៅក្នុងកិច្ចខិតខំស្តារ សេដ្ឋកិច្ចឡើងវិញ ។ រីឯបំណុលសាធារណៈវិញ វាបានកើនឡើង ជាមធ្យម៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប” ។

លោក អាឌីត្យា ម៉ាទូ សេដ្ឋវិទូជាន់ខ្ពស់ នៃធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក និយាយថា “ជាងពេលណាៗទាំងអស់ យើងត្រូវការកិច្ច សហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ទល់ជំងឺនេះ គាំទ្រសេដ្ឋកិច្ច និងស្តារសេដ្ឋកិច្ចឡើងវិញ ដោយភាពបៃតង។ ប្រទេសចិនអាចដើរតួនាទីនេះយ៉ាងសំខាន់ ដោយនាំចេញផលិតផលវេជ្ជសាស្ត្របន្ថែមទៀត បង្កើនការ ប្រើប្រាស់ របស់ខ្លួន និងចាត់វិធានការ អាកាសធាតុឱ្យកាន់តែខ្លាំងក្លា ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសចិនក៏នឹងបានអត្ថប្រយោជន៍ ពីពិភពលោកមួយ ដែលកាន់តែមានសុវត្ថិភាព និងកំណើនប្រកបដោយតុល្យភាព ផងដែរ” ។

របាយការណ៍នេះអំពាវនាវ ឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការផលិត និងការអនុម័តវ៉ាក់សាំង ក៏ដូចជាបែងចែកវ៉ាក់សាំង ដោយផ្អែកលើតម្រូវការ ដើម្បីជួយទប់ស្កាត់ ការរាលដាលវីរុសកូវីដ១៩ ៕

To Top