ព័ត៌មានជាតិ

អ្នកទោស ៥៤២នាក់ នឹងត្រូវពិនិត្យពិភាក្សាលើកលែង និងបន្ធូរបន្ថយទោស ថ្ងៃចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នឹងបើកកិច្ចប្រជុំមួយដើម្បីពិនិត្យ និងពិភាក្សាលើសំណើរសុំលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិតចំនួន ៥៤២នាក់ ក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលឈានចូល មកដល់នៅពេលខាងមុខនេះ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរលើបណ្តាញសង្គមថា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២:៣០នាទីរសៀល លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ តាមប្រព័ន្ធអេឡេត្រូនិច (ZOOM) ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុង ឱកា ស ពិធីបុ ណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាថ្ងៃ ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ។

លោកបន្តថា កិច្ចប្រជុំនេះធ្វើឡើងតាមសំណើ សុំពីគណៈកម្មការរាជធានីខេត្តចំនួន ២៣ (ពន្ធនាគាររាជធានី-ខេត្តចំនួន ២៣) និងគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែទាំង ៤) សរុបទណ្ឌិតមានចំនួន ៥៤២នាក់ (ស្រី ៦៨ នាក់) ក្នុងនោះស្នើសុំលើកលែងទោសចំនួន ៧០នាក់ បន្ធូរបន្ថយទោសចំនួន ៤៧២នាក់ ។

កាលពីពេលកន្លងមក ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ កំណត់ពិធីបុណ្យសំខាន់ៗមួយចំនួន សម្រាប់ការ បន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិត នៅកម្ពុជា ដើម្បីធ្វើសមាហរណកម្មទណ្ឌិតទាំងនោះ ឲ្យបានទៅរស់នៅក្នុងសង្គមវិញ ឬក្នុងគោលបំណងមនុស្សធម៌។

ព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៅកម្ពុជា ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដែលឡាយព្រហស្តលេខាដោយ ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឲ្យដឹងថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងការលើកលែងទោសនោះ ត្រូវកំណត់ ៥ដងក្នុងមួយឆ្នាំ រួមមាន៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យវិសាខបូជា បុណ្យឯករាជ្យ ជាតិ និងព្រះរាជ ពិធីបុណ្យអុំទូក។

ព្រះរាជក្រឹត្យដដែលបន្តថា ការបន្ធូរបន្ថយទោស និងលើកលែងទោសនេះ ក៏អាចធ្វើបានដែរក្នុង ពិធីបុណ្យឬព្រឹត្តិការណ៍ធំៗ របស់ជាតិផងដែរ ៕ ស.សំណាង

To Top