វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសនៅថ្ងៃច័ន្ទនេះថា ពលរដ្ឋអាមេរិកាំងពេញវ័យចំនួន ៩០ ភាគរយនឹងមានសិទ្ធិទទួល ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ក្នុងរយៈពេល ៣សប្តាហ៍នេះបើយោងតឆមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោកបានប្រាប់សន្និសីទសារព័ត៌មាន នៅសេតវិមានថា ខណៈដែលជនជាតិអាមេរិកពេញវ័យ ៩០ ភាគរយនឹងមានសិទ្ធិទទួលការចាក់វ៉ាក់សាំងនៅត្រឹមថ្ងៃទី១៩ ខែមេសា នៅសល់ ១០ ភាគរយទៀតនឹងមានសិទ្ធិទទួលបាននៅថ្ងៃទី០១ ខែឧសភា។
សុន្ទរកថារបស់លោកប្រធានាធិបតី ចូ បៃដិន បានកើតឡើងនៅពេលដែលប្រទេសនេះ បានមើលឃើញនូវការកើនឡើងនូវករណីឆ្លងថ្មីនៃជំងឺកូវីដ -១៩ នៅក្នុងរដ្ឋចំនួន ២៧ ។
លោកប្រធានាធិបតីបានលើកឡើងថា ករណីនានាកំពុង “វិលត្រឡប់” ទៅរកចំនួនកាលពីមុន នៅពេលដែលមនុស្សបន្ធូរបន្ថយការការពារ។ លោកបានកត់សម្គាល់ថា ការបន្ធូរបន្ថយវិធានការការពារ អាចធ្វើឱ្យជំងឺរាតត្បាតកាន់តែអាក្រក់ទៅ ៗ ។
កាលពីដើមខែនេះលោក ចូ បៃដិន បានលើកឡើងថា លោកនឹងដឹកនាំរដ្ឋទាំងអស់កុលសម្ព័ន្ធ និងដែនដីទាំងអស់ ដើម្បីធ្វើឱ្យជនជាតិអាមេរិកពេញវ័យទាំងអស់ មានសិទ្ធិទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី០១ ខែឧសភា៕ដោយ ឈូក បូរ៉ា