Covid-19

អាជ្ញាធរខេត្តព្រះសីហនុ បិទខ្ទប់ផ្នែកខ្លះៗ ក្នុងតំបន់ទំនប់រលក

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ចំពោះទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក ដែលកំពុងមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចាប់ពីក្រុមទី៦ ដល់ក្រុមទី១១ ពីក្រុមទី១៦ ដល់ក្រុមទី២៤ និងក្រុមទី៣២ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

រដ្ឋបាលខេត្តព្រះសីហនុបន្តថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាក់ពីប្រជាពលរដ្ឋ នៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុលទ្ធផល គឺមានករណីវិជ្ជមានវីរុសកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធជាមួយមនុស្សនៅក្នុងតំបន់នោះ។

ដូច្នេះដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត រដ្ឋបាលខេត្តសម្រេចបិទខ្ទប់ តំបន់ទំនប់រលកមួយផ្នែក(ចាប់ពីក្រុមទី៦ ដល់ក្រុមទី១១ ក្រុមទី១៦ ដល់ក្រុមទី២៤ និងក្រុមទី៣២) ជាបន្ទាន់ ចាប់ពីមាត់សមុទ្រដល់ផ្លូវរថភ្លើង ដោយកំណត់បិទចាប់ពីមុខស្នាក់ការ កងរាជអាវុធហត្ថទំនប់រលក រហូតដល់ផ្លូវឡើងទៅរោងចក្រ អរ ស៊ី អាយ (ទាំងសងខាងផ្លូវ) ដោយមិនអនុញ្ញាតឲ្យមានការ ចេញ-ចូលតំបន់នោះបន្តទៀតឡើយ។

ចំពោះប្រជាពលរដ្ឋរស់នៅក្នុង តំបន់ទំនប់រលកអាចធ្វើដំណើរ ដោយថ្មើរជើងដើម្បីទិញម្ហូបអាហារ សម្ភារប្រើប្រាស់ចាំបាច់នានានៅផ្សារក្នុងភូមិ ដោយអ្នកលក់ និងអ្នកទិញត្រូវពាក់ម៉ាស់បាញ់អាល់កុល ឬជែលសម្លាប់មេរោគ រក្សាគម្លាតសុវត្ថិភាព ព្រមទាំងដាក់ខ្សែចងនៅមុខកន្លែង លក់ដូរឲ្យបានត្រឹមត្រូវ។

ដោយឡែកប្រជាពលរដ្ឋរស់នៅក្នុងក្រុមទី៩, ១២, ១៣, ១៤ និងក្រុមទី១៥ កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ គឺមិនអនុញ្ញាតឲ្យចេញពីទីតាំងរបស់ខ្លួនឡើយ។ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ នឹងចុះស្រាវជ្រាវ សម្ភាសន៍អ្នកពាក់ព័ន្ធនៅក្នុងទីតាំងនោះ ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកវត្ថុសំណាក ពីអ្នករស់នៅក្នុងតំបន់នោះទាំងអស់គ្នា ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ៕

To Top