ព័ត៌មានជាតិ

លោក គឹម សន្តិភាព ៖ អាជីវករលក់ដូរ ល្មើសវិធានការរដ្ឋបាល អាចប្រឈមការបិទ

ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បានឲ្យដឹងថា បើអាជីវករ មិនគោរព រារាំងវិធានការ រដ្ឋបាល នឹងត្រូវប្រឈមការទទួលទណ្ឌកម្ម ព្រហ្មទណ្ឌ តាមមាត្រា១០ និងមាត្រា១១ ព្រមទាំងទណ្ឌកម្ម រដ្ឋបាលបន្ថែមទៀត ដោយការព្យួរ ឬដកហូតអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាត ប្រកបអាជីវកម្ម ឬការបិទអាជីវកម្ម ។

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្ដីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ ក្នុងនោះ ផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរ សកម្មភាពអាជីវកម្ម និងការប្រមូលផ្តុំនានា នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ក្នុងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

ចំពោះអាជីវកម្ម ដែលតម្រូវឲ្យផ្អាកនោះគឺ ផ្នែកអាហារនិងភេសជ្ជៈ ដូចជា តូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ប៉ុន្តែទីតាំងអាជីវកម្មទាំងអស់ អាចលក់ ជាលក្ខណៈវេចខ្ចប់បាន ។ ការចេញនេះ ក្រោយរាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីវិធានការ រដ្ឋបាលដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

លោក គឹម សន្តិភាពបានលើកឡើងតាមរយៈបណ្ដាទំនាក់ទំនងសង្គម ហ្វេសប៊ុកនៅថ្ងៃ១ មេសា ថា “ការមិនគោរព និងការរារាំងវិធានការរដ្ឋបាល នឹងប្រឈមការទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ ព្រមទាំងទណ្ឌកម្ម រដ្ឋបាលបន្ថែមទៀត រួមមានការព្យួរឬដកហូតអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាត ប្រកបអាជីវកម្ម ឬការបិទអាជីវកម្ម ដែកមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” ។

លោក គឹម សន្តិភាពលើកបន្តថា មាត្រា១០ បទមិនគោរពវិធានការរដ្ឋបាល ដោយមិនគិតដល់បទល្មើស ព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនា មិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញ ស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ ពី១.០០០.០០០(មួយលាន)រៀល ទៅ ៥.០០០.០០០(ប្រាំលាន)រៀល ឬត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០ (ពីរលាន) រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះ បណ្តាលឲ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន) រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

មាត្រា១១ ៖ បទរារាំងដល់ការ អនុវត្តវិធានការ អំពើរារាំង ឬបង្កឧបសគ្គ ដោយចេតនាដល់ ការអនុវត្តវិធានការ ដែលបាន ដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០ (ពីរលាន)រៀល ទៅ ១០.០០០.០០០ (ដប់លាន)រៀល។ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះ បណ្តាលឲ្យមានការចម្លងជំងឺ កូវីដ-១៩ ដល់អ្នកដទៃឬប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ៕

To Top