Covid-19

ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈចំនួន៥៥នាក់ ខណៈមានអ្នកជាសះស្បើយ២នាក់

ស្វាយរៀង ៖ស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងខេត្តស្វាយរៀងមិនទាន់ថមថយ នៅឡើយទេ ដែលនាំអោយអាជ្ញាធរក៏ដូចប្រជាពលរដ្ឋក្នុងខេត្តនេះ មានការព្រួយបារម្ភនិងជំរុញឲ្យមានប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនមិនឲ្យឆ្លងជំងឺនេះដោយត្រូវធ្វើអនាម័យ ជាប្រចាំលាងដៃជាមួយសាប៊ូ អាកុល ជែលនៅគម្លាតគ្នា បើមិនចាំបាច់កុំចេញក្រៅផ្ទះ។

លោកតូច ប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀងបានថ្លែងប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២១នេះថាខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥៥នាក់ ខណៈមានអ្នកជាសះស្បើយ២នាក់។ ក្នុងនោះអាជ្ញាធរបានរកទីតាំងទី២សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩បន្ថែមទៀតដើម្បីត្រៀមទុក សម្រាប់មានអ្នកជំងឺដែលឆ្លងជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថាខេត្តស្វាយរៀងបានបិទទីតាំងជាច្រើនកន្លែងដែលមាន មនុស្សពាក់ព័ន្ធទាំងផ្ទាល់និងប្រយោលជាច្រើនរយនាក់ ដែលកំពុងធ្វើចត្តាឡីស័កនឹងយកសំណាក ទៅពិនិត្យ ហើយក្នុងនោះក៏មានលោកអភិបាលរងក្រុងស្វាយរៀងម្នាក់ក៏បានឆ្លងជំងឺកូវីដ-១៩នេះផងដែរ។
ហើយសម្រាប់ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ នៅខេត្តស្វាយរៀង កាលពីថ្ងៃទី១ខែមេសា ម្សិលមិញនេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានរៀបចំចាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាក្រុង-ស្រុក ទូទាំង៨ក្នុងខេត្តស្វាយរៀង ទៅតាមពេលវេលា និងទីកន្លែងដែលរដ្ឋបាលក្រុង ស្រុក បានបែងចែក ក្នុងការចាក់វ៉ាក់សាំងជូនដោយផ្អែកលើគោលការស្ម័គ្រចិត្ត ហើយកន្លងទៅនេះអាជ្ញាធរ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ក្នងដំណាក់កាលទី១ជូនដល់កងកម្លាំងទាំងបីប្រភេទមាននគរបាល ទាហាន កងរាជអាវុធហត្ថ មន្ត្រីរាជការបានជាង៤០០០នាក់ហើយ និងបន្តចាក់បន្តបន្ទាប់ទៀតនៅទូទាំង៨ស្រុក ក្រុងក្នុងខេត្តនេះផងដែរ៕

To Top