ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីការត្រៀមរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោ នៃខេត្តកំពត ក្នុងអាណត្តិទី៣ នៅពេលខាងមុខនេះ។
សូមរំលឹកថាកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតក្រុងបូកគោ នៃខេត្តកំពត ដែលក្រុង នេះមានសង្កាត់ ចំនួន ៣ គឺ សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរប ស់ គ.ជ.ប នាថ្ងៃទី ២ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ថា យោងតាមមាត្រា ១៤ នៃច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានក្រុមប្រឹក្សារបស់ខ្លួន ដែលត្រូវបានជ្រើសរើសឡើងតាមការបោះឆ្នោតអសកល ស្របតាមនីតិវិធីដែលកំណត់ដោយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សាខណ្ឌដែលហៅកាត់ថា “ ក្រុមប្រឹក្សា” ។
លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ. ប បានមានប្រសាសន៍ថា «យោងមាត្រា៧៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ការរៀបចំ ការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌដែលបង្កើតថ្មី ត្រូវធ្វើ ឡើងក្នុងរយៈពេលយ៉ាងយូរ ២៤០ ថ្ងៃ បន្ទាប់ពីការបង្កើតខេត្ត ក្រុង ស្រុក ខណ្ឌនោះ»។
លោក បន្ដថា សម្រាប់ ក្រុងបូកគោ នៃខេត្តកំពត ដែលទើបបង្កើតថ្មីនេះ គ.ជ .ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញតាមកាលបរិច្ឆេទដែលកំណត់ដោយនាយករដ្ឋមន្ត្រីតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
លោក បញ្ជាក់បន្ថែមថា នៅចំពោះមុខ គ.ជ. ប ការងារ ត្រូវត្រៀមរៀបចំ ជាច្រើន ដូចជា៖ ការរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ ង្កាត់ ឆ្នាំ២០២១ ការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដើម្បីរៀចំបញ្ជេីឈ្មោះបោះឆ្នោត បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ដែលទើបបង្កេីតថ្មីនេះ៕