ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ក្នុងត្រីមាសទី១ ឆ្នាំ២០២១​ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ថយចុះ គួរឲ្យកត់សំគាល់

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកត្រីមាសទី១ គឺគិតចាប់ពីខែមករា ដល់ដំណាច់ខែមីនា ឆ្នាំ២០២១នេះ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការ ថយចុះគួរឲ្យកត់សំគាល់ បើប្រៀបធៀប នឹងរយៈពេលដូចគ្នាកាលពីត្រីមាសទី១ ឆ្នាំ២០២០ ។

យោងតាមរបាយការណ៍ ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើង សរុបចំនួន ៧៦៣លើក ថយចុះចំនួន១៥៣លើក ស្មើនឹង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា គឺត្រីមាសទី១ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩១៦លើក។
ចំពោះអត្រាអ្នកស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ក៏បានថយចុះ រហូតដល់៦០នាក់ បើប្រៀបធៀប ត្រីមាសទី១ឆ្នាំ២០២០ ដែលមានអ្នកស្លាប់ ចំនួន៤៩៣នាក់ ហើយនៅត្រីមាសទី១ ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់មាន ៤៣៣នាក់ ។

ចំណែកអត្រាអ្នករង របួសដោយសារគ្រោះថ្នាក់ចរាចរណ៍ វិញ នៅត្រីមាស ទី១ ឆ្នាំ២០២១នេះ គឺមានចំនួន១.១១៣នាក់ បានថយចុះ២០២នាក់ស្មើនឹង ១៥ភាគរយបើធៀបនឹងរយៈពេល១ត្រីមាសដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានអ្នករងបួស១.៣១៥នាក់ ។

តាមរយៈគេហទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២ មេសា សម្ដេច ស ខេង បានបញ្ជាក់ថា “ផ្អែកលើលទ្ធផលនេះ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោគ សូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់ បំពេញភារកិច្ចដឹកនាំការ អនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងយប់ ទាំងថ្ងៃ របស់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការដ្ឋាននគបាលរាជធានីខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងសមត្ថកិច្ចរួមសហការផ្សេងទៀត” ។

ជាមួយគ្នានេះសម្ដេចក្រឡាហោម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិ អ្នកបញ្ជាមធ្យោបាយ ធ្វើដំណើរគ្រប់ប្រភេទ ដែលបានប្រកាន់នូវឥរិយាបថ ជាពលរដ្ឋល្អ តាមរយៈការចូលរួម គោរពច្បាប់ ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួនគ្រប់ ពេលធ្វើដំណើរ ។ ដោយសារការគោរពច្បាប់ដ៏ខ្ជាប់ខ្ជួន ពីសំណាក់បងប្អូនជនរួមជាតិនេះហើយ ដែលបានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ចំនួនអ្នករងរបួស និងការ ខូចខាតទ្រព្យសម្បត្តិ ក៏មានការថយចុះ។

ឆ្លៀតនៅក្នុងឱកាសនេះ សម្ដេច ស ខេងលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ទោះថា មិនមែនជាជម្ងឺឆ្លងក៍ដោយ ក៍គ្រោះថ្នាក់នេះបានផ្តាច់ផ្តិល ជីវិតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ។

សម្ដេចសូមធ្វើការអំពាវនាវដល់បង ប្អូនជនរួមជាតិ ជាពិសេសអ្នកបញ្ជា យានយន្តទាំងអស់ សូមមេត្តាប្រកាន់ ខ្ជាប់នូវស្មារតី បើកបរដោយការគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា និង ស្នើសមត្ថកិច្ចគ្រប់ថ្នាក់បន្ត បំពេញភារកិច្ច ដ៍ថ្លៃថ្លាក្នុងការរក្សាសុវត្ថិភាព ចរាចរណ៍ជូនប្រជាពលរដ្ឋ និងបន្តផ្តល់ការលើកទឹកចិត្ត ដល់មន្ត្រី ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ៕

To Top