ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា មានបុរសជនជាតិចិនអាយុ៤២ឆ្នាំ ដែលរស់នៅ Appartment PRINCE TOWER សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ កាលពីម៉ោង ១០យប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ។
យោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ មេសា បានឲ្យដឹងថា អ្នកជំងឺខាងលើត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃ២៧ មីនាដដែល។ ដោយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ តាំងពីចូលសម្រាកពេទ្យដំបូង តម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមតាំងពី ថ្ងៃចូលសម្រាកពេទ្យដំបូង តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំ ជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស យ៉ាងណាក៍ដោយក៍មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ បណ្តាលឲ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃ៤ មេសា វេលាម៉ោង ២២:០០នាទី ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិចិនអាយុ ៤២ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត ដោយសារខ្សោយ សួតធ្ងន់ធ្ងរ និងរលាកសួតសងខាងដោយសារជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ៥ មេសានេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន២១នាក់៕