ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា នៅថ្ងៃទី៥ ខែ មេសា ឆ្នាំ២០២១នេះ បានអំពាវនាវ ឲ្យថ្នាក់ដឹកនាំសហជីព តាមបណ្តាមូលដ្ឋាន និងកម្មករនិយោជិត ទាំងអស់ ចូលរួមចាក់ វ៉ាក់សាំង និងអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩ ។
លោកបន្តថា ទាំងអស់គ្នាមិនអាចបន្តរស់នៅ និងធ្វើការដោយភាពភ័យខ្លាចតទៅទៀត បាននោះទេ ព្រោះសង្គមមួយ ដែលមានសេដ្ឋកិច្ចរឹងមាំបាន គឺអាស្រ័យលើសុខភាពរបស់ពលរដ្ឋ ទាំងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ដូច្នេះត្រូវចូលរួមចាក់ វ៉ាក់សាំងកូវីដ១៩។
បច្ចុប្បន្នដំណើរ ការចាក់វ៉ាក់ សាំងស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកា ១.៥លានដុល្លារ បញ្ជាទិញពីក្នុងចំនួន១.៥លានដូស កំពុងចាក់ជូន ដល់មន្រ្តី នៅតាមស្ថាប័ន-ក្រសួងថ្នាក់ ក្រោមជាតិ ព្រមទាំងកម្មករ នៅតាមបណ្តារោងចក្រនានា ក្រោយបើកយុទ្ធនាការ ចាក់កាលពីថ្ងៃ១ មេសា ។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃ៤ មេសា គណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស (គ.វ.ក-១៩) បានចាត់ចែងយុទ្ធនាការ ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ បានចំនួន១៤០.៧៧៣នាក់ហើយ ។ ធ្វើឲ្យចំនួនប្រជាជនចាក់វ៉ាក់សាំងស៊ីណូហ្វាម ស៊ីណូវ៉ាក់ និងកូវីសែលសរុបទាំង៣មុខវ៉ាក់ សាំងនេះ កើនឡើងដល់៤១៨.៥៦៩ នាក់ នៅទូទាំងប្រទេស ៕