ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​កម្ពុជា ត្រៀមខ្លួនជាស្រេចធ្វើការ ជាមួយ នាយករដ្ឋមន្ត្រីវៀតណាម​ថ្មី គោលបំណងឲ្យកាន់តែ ស៊ីជម្រៅទំនាក់ទំនងរវាង ប្រទេសទាំង២

ភ្នំពេញ​ ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការ យ៉ាងជិតស្និទ្ធជាមួយលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម​ ក្នុងគោលបំណងធ្វើឲ្យកាន់តែស៊ីជម្រៅនូវ ទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំងពីរ។

លោក ផាម មិញជិញ អតីតមេបញ្ជាការកងកម្លាំងរក្សាសន្តិសុខវៀតណាម ត្រូវបានជ្រើសតាំងជានាយក រដ្ឋមន្ត្រីថ្មីរបស់វៀតណាមថ្មី នៅក្នុងសម័យប្រជុំសភាជាតិវៀតណាម នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១​ បន្តពីលោក ង្វៀង សួនហ៊្វុក ដែលត្រូវបានជ្រើសតាំងជាប្រធានាធិបតីវៀតណាម។

តាមសារលិខិតផ្ញើទៅកាន់ លោក ផាម មិនជិញ នាថ្ងៃទី៥​ ខែមេសា​ ឆ្នាំ២០២១​ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា​ «តួនាទីដ៏សក្តិសមនេះ ឆ្លុះបញ្ចាំងនូវជំនឿជឿជាក់ និងទំនុកចិត្តរបស់បក្សកុម្មុយនីស្ត និងប្រជាជនវៀតណាម មកលើឯកឧត្តម ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ឯកឧត្តម ក្នុងការជំរុញការអភិវឌ្ឍ និងវិបុលភាពរបស់វៀតណាម»។

សម្ដេចតេជោ​បន្ដថា​ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតក្នុងរយៈពេល៥៤ឆ្នាំកន្លងមកនេះ កម្ពុជា និងវៀតណាម មានទំនាក់ទំនងជាប្រពៃណីដែលកំពុងតែរីកចម្រើនយ៉ាងខ្លាំង និងកិច្ចសហប្រតិប្តតិការដ៏ជិតស្និទ្ធលើគ្រប់វិស័យ។សម្ដេចថា ទំនាក់ទំនងដ៏ស្និទ្ធស្នាល និងការផ្លាស់ប្តូរទស្សនកិច្ចដ៏ញឹកញាប់គ្រប់លំដាប់ថ្នាក់កន្លងមកនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសាមគ្គីរវាងប្រជាជនប្រទេសទាំងពីរ។

សម្ដេចតេជោ​ បញ្ជាក់យ៉ាងដូច្នេះ​ថា​ «ក្នុងស្មារតីនេះ ខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ក្នុងគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវ ទំនាក់ទំនងដ៏យូរលង់របស់យើង ផ្អែកលើគោលការណ៍ភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពជាប្រពៃណី ការយោគយល់គ្នាទៅវិញទៅមក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសយើងទាំងពីរ»។

ជាងនេះទៅទៀត​ នាយករដ្ឋមន្ដ្រីកម្ពុជា​ ក៏មានជំនឿ យ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងការ ប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធទាងនៅក្នុងក្របខណ្ឌ ទ្វេភាគី និងពហុភាគី កម្ពុជា និងវៀតណាមអាចជម្នះបាននូវបញ្ហាប្រឈមជាច្រេីន ដែលមិនធ្លាប់បានជួបប្រទះកន្លងមក បណ្តាលមពីការរាតត្បាតជំងឺកូវីដ១៩ ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top