Covid-19

នាយករដ្ឋមន្រ្តី៖ យើងមិនអាចទទួលអ្នកកើតកូវីដ១៩ មកព្យាបាលនៅពេទ្យអស់ទេ ក្នុងករណីកើនឡើង ដូច្នេះអ្នកកើតកម្រិតស្រាល ត្រូវព្យាបាលនៅផ្ទះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានចេញ បទបញ្ជាឲ្យត្រៀមរៀបចំព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ ប្រសិនបើព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតែបន្តកើនឡើងមិនឈប់ឈរ ខណៈបណ្ដាប្រទេសមួយចំនួន ក៏បានធ្វើរបៀបនេះ។

តាមរយៈសំឡេង នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា ប្រសិនបើជំងឺកូវីដ១៩ មិនថមថយទេ មន្ទីរពេទ្យមានអ្នកជំងឺច្រើន ទាំងស្រាល និងធ្ងន់ ដូច្នេះត្រូវរៀបចំព្យាបាលអ្នកជំងឺកូវីដ កម្រិតស្រាលនៅតាមផ្ទះ។ សម្ដេចថា អាមេរិក បារាំង អឺរ៉ុប និងប្រទេសមួយចំនួនទៀតឲ្យអ្នកជំងឺកូវីដ កម្រិតស្រាលព្យាបាលនៅតាមផ្ទះ ដោយឡែកជំងឺកម្រិតធ្ងន់ ព្យាបាលនៅមន្ទីរពេទ្យ។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមស្នើឲ្យក្រុមការងាររបស់យើង រៀបចំនូវក្រមប្រតិបត្តិ សម្រាប់ព្យាបាលនៅតាមផ្ទះ (ព្យាបាលជំងឺកូវីដ) ឲ្យហើយជាស្រេច ហើយដល់ពេលណាមួយ យើងត្រូវពិនិត្យអំពីលទ្ធភាព ក្នុងការទទួលយកមកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងទុកសម្រាប់ការព្យាបាលនៅតាមផ្ទះ»។

សម្ដេចតេជោបន្ដថា «យើងមិនអាចទទួលអស់ទេ ក្នុងករណីមានកើនឡើងបន្ថែមទៀត អ្នកជាតិច អ្នកចូលច្រើន ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀត ក៏វានៅមិនគ្រប់ដែរ ។ អីចឹងវិធីដោះស្រាយទុកអ្នកដែលវិជ្ជមាន កូវីដប៉ុន្ដែស្រាលទុកព្យាបាលនៅតាមផ្ទះទៅវិញ»។

សម្ដេចតេជោ ក៏បានផ្ដាំផ្ញើទៅដល់ក្រុមការងារ ព្យាបាលអ្នកជំងឺកូវីដ ត្រូវមានការវិនិច្ឆ័យឲ្យបានច្បាស់ ចំពោះអ្នកជំងឺកម្រិតស្រាល ឬធ្ងន់។ សម្ដេចផ្តល់យោបល់ថា បើអ្នកជំងឺកម្រិតស្រាលមានផ្ទះតូច អាចឆ្លងជំងឺទៅអ្នកដទៃក៏ត្រូវយក អ្នកជំងឺនោះមកកាន់មន្ទីរពេទ្យវិញ។ សម្ដេច រំពឹងទុកថា មានអ្នកជំងឺកូវីដ ចំនួន ៥០% ពួកគាត់ចង់ព្យាបាលនៅតាមផ្ទះដែរ។

សម្ដេចតេជោ ក៏បានណែនាំដល់អាជ្ញាធរតាមមូលដ្ឋាន ត្រូវមើលថែអ្នកជំងឺព្យាបាលនៅតាមផ្ទះ និងក្រុមគ្រួសារបស់ពួកគាត់ ដើម្បីកុំឲ្យពួកគាត់ចេញក្រៅផ្ទះ។ សម្ដេចគិតថា កម្ពុជាអាចនឹងឈានដល់ដំណាក់កាល ព្យាបាលជំងឺកម្រិតស្រាលនៅតាមផ្ទះ ប្រសិនបើព្រឹត្តិការណ៍២០ កុម្ភៈ មិនមានការថមថយដូចនៅពេលនេះ។ សម្ដេចថា គ្រូពេទ្យអ្នកព្យាបាលជំងឺតាមផ្ទះនោះ គឺពេទ្យនៅតាមមូលដ្ឋាន ហើយត្រូវបណ្ដុះបណ្ដាល ពួកគាត់បន្ថែមទៀត ក្នុងការព្យាបាលជំងឺកូវីដ ៕

To Top