ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានក្រើនរំលឹកក៏ដូចជា ណែនាំម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ មិនត្រូវព្យាបាលអ្នកជំងឺដែលសង្ស័យថា មានជំងឺកូវីង១៩ ហើយមិនត្រូវធ្វើតេស្តរកមេរោគកូវីដឡើយ។
រយៈកាលកន្លងមក ក្រសួងសុខាភិបាល បានធ្វើសេចក្តីណែនាំរួចមកហើយ ស្ដីអំពីវិធានការ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស គឺមិនអនុញ្ញាតឲ្យកន្លែងពិនិត្យព្យាបាលជំងឺឯកជន ធ្វើការពិនិត្យព្យាបាលអ្នកជំងឺដែលសង្ស័យថា ជាជំងឺកូវីដ១៩ ជាដាច់ខាត។
យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា «មិនអនុញ្ញាតឲ្យធ្វើការពិនិត្យព្យាបាលអ្នកជំងឺសង្ស័យថា ជាជំងឺកូវីង១៩ និងធ្វើតេស្តរកមេរោគកូវីដ១៩ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាដាច់ខាត (លើកលែងតែមានការការអនុញ្ញាតពីក្រសួងសុខាភិបាល)»។
ក្រសួងបន្ដថា ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវរៀបចំដាក់តុមួយ និងបុគ្គលិកគិលានុបដ្ឋាក-យិកា១រូប នៅពីខាងក្រៅច្រកទ្វារចូលទៅក្នុងកន្លែងពិនិត្យ ព្យាបាលអ្នកជំងឺ ដើម្បីរង់ចាំយកកំដៅ និងការត្រួតពិនិត្យអ្នកជំងឺដំបូង។ គ្រប់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវធានាថា គ្រប់អ្នកជំងឺ និងមនុស្សចេញចូលទាំងអស់ដែលចូលទៅក្នុងកន្លែងពិនិត្យព្យាបាលជំងឺ ត្រូវបានត្រួតពិនិត្យតាមរយៈការវាស់កំដៅ ដោយប្រើឧបករណ៍ស្ទង់កម្តៅ ដែលមិនប៉ះផ្ទាល់ ដើម្បីពិនិត្យរកមើលពីករណីសង្ស័យជំងឺកូដ-១៩។
ក្រសួងបន្ថែមថា ប្រសិនបើមានសញ្ញាណាមួយដូចក្នុងនិយមន័យកូវីដ១៩ អ្នកជំងឺ ឬបុគ្គលនោះ សន្មត់ថា ជាករណីសង្ស័យជំងឺកូវីដ-១៩ ត្រូវឲ្យគាត់ពាក់ម៉ាស់ និងណែនាំគាត់ឲ្យទៅកាន់កន្លែងរង់ចាំមួយដែលនៅក្បែរនោះ ដោយរក្សាគម្លាតយ៉ាងហោច ណាស់មួយម៉ែត្រកន្លះពីគ្នា រួចជូនព័ត៌មានទៅកាន់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដើម្បីមកសម្របសម្រួលបញ្ជូនគាត់ទៅកាន់មណ្ឌលចត្តាឡីស័កដែលរៀបចំសម្រាប់អ្នកជំងឺកូវីដ -១៩។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកជំងឺកូវីដ-១៩ ២,៨២៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ១,៧៩៤នាក់, អ្នកកំពុងសម្រាកព្យាបាល ចំនួន១,០០៣នាក់ និងអ្នកស្លាប់ចំនួន ២១នាក់៕