ព័ត៌មានជាតិ

លោក ប៉ាវ ស៊ីណា បានចាក់វ៉ាក់សាំង កូវីដ១៩ លើកទី១

ភ្នំពេញ ៖ មេសហជីពនៅកម្ពុជា លោក ប៉ាវ ស៊ីណា និងសហការីរបស់លោក បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ របស់ស៊ីណូវ៉ាក់ ជាលើកទី១នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ។

ក្នុងឱកាស នៃការទទួលវ៉ាក់សាំងនេះ លោកបានស្នើកម្មករនិយោជិត ដែលកំពុងស្ថិតក្នុងចំណុចអាទិភាព ទទួលបានការផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ពីរាជរដ្ឋាភិបាលចូលរួម ចាក់វ៉ាក់សាំងទាំងអស់គ្នា ។

លោកថា បច្ចុប្បន្ននេះ វ៉ាក់សាំងការពារកូវីដដែលកម្ពុជា មាន នៅមិនទាន់អាចឆ្លើយតបចំនួនប្រជាពលរដ្ឋនៅឡើយនោះទេ ។ បើទោះជាកម្ពុជាមានថវិកា អាចបញ្ជាទិញថ្នាំវ៉ាក់សាំនេះក៏ដោយ ក៏មិនប្រាកដថា ងាយស្រួលនោះដែរ ។

សូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីប្រទេសចិន ចំនួន១.៥លានដូស ចំណាយថវិកា១៥លានដុល្លារ បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។ វ៉ាក់សាំងស៊ីណូវ៉ាក់ អាចចាក់ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ដោយមានប្រសិទ្ធភាពការពារចន្លោះ ពី៧០ ទៅ៨០% ។ ចំណែកអាយុកាលវ៉ាក់សាំងនេះ មានរយៈពេល ៣៦ខែ។

កម្ពុជាបានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ កាលពីថ្ងៃ១ មេសា ដោយផ្តោតលើស្ថាប័ន-ក្រសួងនានា កម្មករ និងមន្រ្តីថ្នាក់ក្រោមជាតិ ៕

To Top