ព័ត៌មានជាតិ

អភិបាលរាជធានី បន្តនាំយក អំណោយសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ជិត២០០គ្រួសារ នៅសង្កាត់ទន្លេបាសាក់

ភ្នំពេញ៖ អំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទាំងថវិកា សាច់ជ្រូក និងស្បៀងអាហារបន្ថែមទៀត ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យកទៅប្រគល់ជូន ប្រជាពលរដ្ឋ ជិត២០០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក នៅភូមិទី១៦ ទល់មុខព្រឹទ្ធសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បន្តទៀត នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ ។

ក្នុងនោះដែរ កាលពីយប់ថ្ងៃទី៥មេសា លោកអភិបាលរាជធានីក៏បានចុះសួរសុខទុក្ខ និងបាននាំយកនូវស្បៀងអាហារ ផ្តល់ជូនរួចម្តងហើយដែរ។

លោកឃួង ស្រេង បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ។ ជាក់ស្តែងនៅពេលនេះ ខណៈដែលទទួលបានព័ត៌មាន ពីបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅភូមិ១៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននេះ សម្តេចបានឱ្យអាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែង និងនាំយកនូវ ថវិកា ស្បៀងអាហារមួយចំនួន មកចែកជូនបងប្អូន ភ្លាមតែម្តង បើទោះបីនៅពេលយប់ក៏ដោយ ។

លោកបន្តទៀតថា សម្ដេចតេជោ ហ៊ុន សែន នៅតែជាជួរមុខ ក្នុងជួយបងប្អូនប្រជាពលរដ្ឋ បើទោះបីស្ថិតក្នុងកាលៈទេសៈ បែបណាក៏ដោយ ។ ជាក់ស្តែង ខណៈដែលបងប្អូន ជួបការលំបាកក្នុងជីវភាព ពេលកំពុងធ្វើចត្តាឡីស័កនេះ គឺសម្តេចបានណែនាំ អោយចុះជួយភ្លាមៗ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកឃួង ស្រេង សូមឱ្យប្រជាពលរដ្ឋ មានការយោគយល់ ចំពោះការបិទភូមិមួយនេះ មិនអោយចេញចូល ដោយសារតែនេះ ជាវិធានរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ប្រទេសណា ក៏គេធ្វើដូច្នេះដែរ សំដៅធ្វើយ៉ាងណា កុំអោយជម្ងឺនេះ រាលដាលកាន់តែខ្លាំង។

មន្ត្រីរដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋ រស់នៅក្នុងភូមិទី១៦ ក្នុងសង្កាត់ទន្លេបាសាក់នេះ មានចំនួនជាង ៣០០គ្រួសារ ប៉ុន្តែប្រជាពលរដ្ឋ ដែលអាជ្ញាធរតម្រូវឲ្យ ធ្វើចត្តាឡីស័កនៅពេលនេះ មានចំនួន ១៩៤គ្រួសារ ។ អំណោយដែលប្រគល់ជូន នៅពេលនេះ ក្នុងមួយគ្រួសារ ទទួលបានថវិកា៣០ម៉ឺនរៀល សាច់ជ្រូក ២គីឡូក្រាម ត្រីខ១០កំប៉ុង និងទឹកបរិសុទ្ធ ១កេស ខណៈដែលកាលពីយប់ ថ្ងៃទី៥មេសា លោក ឃួង ស្រេង បានប្រគល់ជូន នូវអង្កចំនួន២៥គីឡូក្រាម ក្នុង១គ្រួសារ រួចហើយដែរនោះ៕

To Top