ភ្នំពេញ ៖ អនុវត្ត តាមអនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រាប់អភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវត្រៀមបំរុងបង្កើតក្រុមក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។
សូម រំលឹក ថាសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ បានធ្វើការណែនាំឲ្យ ក្រសួងសុខាភិបាល និងអ្នកពាក់ព័ ន្ធទាំងអស់ ត្រូវគិតគូរ និងរៀបចំទុកជាមុន អំពីលទ្ធភាពផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមផ្ទះ។
យោងតាមសេចក្ដីជម្រាបជូន អភិបាលរាជធានី-ខេត្ត របស់ក្រសួងសុខាភិបាល នាថ្ងៃទី៦ មេសា នេះ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា «ដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យរដ្ឋនានាក្នុងរាជធានី-ខេត្ត ក្រសួងស្នើឱ្យត្រៀមបំរុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ១៩ ដែលគ្មានរោគសញ្ញា និងករណីជំងឺស្រាល ក្នុងលក្ខខណ្ឌដែលមានការរាតត្បាតធ្ងន់ធ្ងរជាយថាហេតុ ដែលហួសពីចំណុះមន្ទីរពេទ្យរដ្ឋ ឬកន្លែងព្យាបាលដែល រាជធានី-ខេត្តនីមួយៗបានរៀបចំរួចជាស្រេចហើយ»។
លោក បន្ដថា ការត្រៀមបំរុងនេះ ត្រូវយកក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលផ្ទាល់របស់ខ្លួន ដោយរៀបចំជាក្រុ ម និងដឹកនាំដោយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។ ជាងនេះទៅទៀត ក្រសួងសុខាភិបាល នឹងធ្វើការបណ្តុះបណ្តាលក្រុមគ្រូពេទ្យទាំងនោះ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដែលក្រសួងនឹងរៀបចំជូន។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន២,៨២៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១,៧៩៤នាក់ អ្នកកំពុងសម្រាកព្យាបាល ចំនួន១,០០៣នាក់ និងអ្នកស្លាប់ចំនួន ២៣នាក់៕