ព័ត៌មានជាតិ

តំណាងរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងរាជធានី ប្រមាណ ១៨០ សហគ្រាស ចូលរួមស្វែងយល់ ពីប.ស.ស. ផ្នែកប្រាក់សោធន តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ៖ ក្រោមការចាត់តាំង ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១នេះ ប្រធាននាយកដ្ឋាន តាវកាលិក សន្តិសុខសង្គម លោក សុក បូរ៉ា បានធ្វើបទបង្ហាញ ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ជូនដល់តំណាងរោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងរាជធានីភ្នំពេញ សរុបប្រមាណជាង ១៨០ សហគ្រាស តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ។

លោក សុក បូរ៉ា បានបញ្ជាក់ឱ្យដឹងថា គោលបំណងសំខាន់នៃបទបង្ហាញខាងលើ គឺដើម្បីផ្សព្វផ្សាយ អំពីនីតិវិធី និងលក្ខខណ្ឌមួយចំនួន ក្នុងការទទួលបាន របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ពិសេសគឺចង់បង្ហាញ អំពីអត្ថប្រយោជន៍សំខាន់ៗ ដែលសមាជិកប.ស.ស. នឹងទទួលបានបន្ទាប់ពី បានចុះឈ្មោះចូលក្នុង ផ្នែកប្រាក់សោធនមួយនេះ ។

លោក សុក បូរ៉ា បានឱ្យដឹងទៀតថា សម្រាប់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ដែលបានចុះបញ្ជីរួចរាល់នៅប.ស.ស. ក្នុងផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នោះនឹងក្លាយទៅជា សមាជិក ប.ស.ស. ផ្នែកប្រាក់សោធន ដោយស្វ័យប្រវត្តិ នៅពេលដែលរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ត្រូវបានដាក់ឱ្យដំណើរការ។

សូមបញ្ជាក់ថា បទបង្ហាញខាងលើ ប្រព្រឹត្តទៅនៅ សមាគមរោចក្រកាត់ដេរ នៅកម្ពុជា (GMAC) ដោយមានវត្តមាន ចូលរួមពីតំណាងរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងរាជធានីភ្នំពេញ សរុបប្រមាណជាង ១៨០ សហគ្រាស តាមរយៈប្រព័ន្ធវីដេអូ (Video Conference)៕

To Top