ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រីធ្វើការ​ត្រួតពិនិត្យ​ ចំពោះ​ក្ក្រុមហ៊ុន បង្ក​ការ​អុកឡុក​ ក្នុង​ដំណើរ​ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យឡើងវិញចំពោះក្រុមហ៊ុន អ្នកទទួលការ ដែលតែងតែបង្កការអុកឡុក ក្នុងដំណើរការដេញថ្លៃ គម្រោងមូលនិធិឃុំ-សង្កាត់ ។

លោកអភិបាលខេត្តបាន លើកឡើងយ៉ាងដូច្នេះ នៅថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០២១​ នៅសាលាខេត្តកំពង់ចាម ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២៣​ អាណត្តិ​ទី​៣​ របស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម​ ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា មន្ត្រី​ពាក់ព័ន្ធ​ ជាពិសេស​​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ទាំង​អស់​ ដែល​ជា​ម្ចាស់​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ត្រូវ​ធ្វើ​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ជាមុនសិន​​ មុននឹងចុះហត្ថលេខាទទួលយក នូវ​គម្រោង​សាងសង់​អ្វី​មួយ​ ពី​ម្ចាស់​ក្រុមហ៊ុន​ទទួល​ការ​ ដេីម្បី​ចៀសវាងការ​ខខូចខាតផលប្រយោជន៍ រួមហេីយគ្មានអ្នកទទួលខុសត្រូវ ដោយឡែកចំពោះ​ក្រុមហ៊ុន​ដែល សាងសង់សំណង់គ្មានគុណភាព ត្រូវ​ធ្វើការ​រាយការណ៍​ ដេីម្បី​មាន​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​ ។​

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​ លោក ខ្លូត ផន បានលើកជារបៀបវារៈធំៗចំនួន៤ រួមមាន៖​

ទី១ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
ទី២ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំត្រីមាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
ទី៣ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេល ៣ខែ គឺខែមេសា,ឧសភា,មិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
ទី៤ បញ្ហាផ្សេងៗ​ ពាក់ព័ន្ធ​ការងារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​៕

To Top