នយោបាយ

លោក សយ សុភាព ៖ ដេកផ្ទះឈ្នះកូវីដ១៩ កុំច្រឡំដេកផ្ទះឈ្នះឯង

ភ្នំពេញ ៖ លោក សយ សុភាព បានលើកឡើងថា ដេកផ្ទះឈ្នះកូវីដ១៩ នៅឆ្នាំ២០២១នេះ ដើម្បីចូលរួមការពារ សុខភាពគ្រប់គ្នា គឺខុសពីដេកផ្ទះឈ្នះឯង របស់ពាក្យស្លោក អតីតគណបក្សសង្រ្គោះជាតិ កាលពីបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីជាតិ ។ ដូច្នេះប្រជាពលរដ្ឋ កុំមានការយល់ច្រឡំ ចំពោះពាក្យស្លោក២នេះ គឺខុសគ្នា ។

ខណៈបច្ចុប្បន្នជំងឺកូវីដ១៩ កំពុងតែរីកសាយភាយ រហូតធ្វើឲ្យមានមនុស្សស្លាប់២២នាក់ គិតមកត្រឹមថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ លោក សយ សុភាព ដែលជាបុគ្គលម្នាក់ ចូលចិត្តបរិយាយ ពីនយោបាយទាំងក្នុងនិងក្រៅ ប្រទេសបានលើកពីវិធានការ ការពារការឆ្លងជំងឺកូវីដ១៩ ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងតំណាក់ កាលចូលសហគមន៍ យ៉ាងខ្លាំងក្លានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឲ្យពលរដ្ឋ ចេញក្រៅផ្ទះបើគ្មានការចាំបាច់ ហើយក៏មានដាក់ពាក្យស្លោកថា “ដេកផ្ទះឈ្នះកូវីដ” ។

លោក សយ សុភាព ថ្លែងថា “ដេកផ្ទះឈ្នះកូវីដ១៩ ។ តំណាក់កាលរីកសាយភាយ ។ ដេកផ្ទះអត់ចាក់វ៉ាក់សាំងបំផ្លាញ អនាគតអ្នកដទៃ។ តំណាក់កាលមានវ៉ាក់សាំង” ។ លោកបានរំលឹកពីអតីតកាលថា “កុំច្រឡំគិតថា ដេកផ្ទះឈ្នះឯង។ តំណាក់កាលបោះឆ្នោត ២០១៨” ។

លោកថា កុំភ្លេចគោរព «៣កុំ ៣ការពារ»និងកុំប្រហែសចលនាបដិវត្តន៍ម្រាមដៃ៣ដែលបរទេសលូកដៃកូ ២០២១។ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជារបស់វីរបុរសជាតិខ្មែរតែមួយគត់គឺសម្តេច ព្រះបាទ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន។ ក្រៅពីនោះ ជាមនោគមន៍វិជ្ជារបស់បរទេសធ្វើឲ្យខ្មែរឈ្លោះគ្នា។

យើងនៅចាំបានថា កាលមុនពេល បោះឆ្នោតថ្នាក់ជាតិ នាឆ្នាំ២០១៨ អតីតគណបក្សសង្រ្គោះជាតិ មិនបានចូលរួមបោះឆ្នោត ដោយសារគណបក្ស ត្រូវបានរំលាយចោល មុនការបោះឆ្នោត ព្រោះលោក កឹម សុខា ដែលពេលនោះជាមេបក្សត្រូវបានតុលាការ ចោទប្រកាន់ពីបទ ក្បត់ជាតិមានបរទេសនៅពីក្រោយ ប៉ុន្តែក្រោយមិនបានចូលរួមបោះឆ្នោត គឺលោក សម រង្ស៊ី និងគូកន ដែលរត់ភៀសខ្លួនចេញពីកម្ពុជា បន្ទាប់ពីតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារជាច្រើនសំណុំរឿង បានអំពាវនាវពីទឹកដីរបស់គេមកពលរដ្ឋខ្មែរ កុំឲ្យចូលរួមបោះឆ្នោត ដោយបានដាក់ ពាក្យស្លោកថា “ដេកផ្ទះឈ្នះឯង” តែទោះបីជាការអំពាវនាវ របស់អតីតមេបក្ស ប្រឆាំងយ៉ាង ណាក្តីគឺ ពលរដ្ឋមិនបានស្តាប់តាមឡើយ ដោយបានចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ រហូតទៅដល់ជាង៨០ភាគរយ នៃពលរដ្ឋគ្រប់អាយុងបោះឆ្នោត ៕

To Top