ព័ត៌មានជាតិ

ប្រមុខការពារជាតិ ៖ រដ្ឋាភិបាល កំពុងព្រួយបារម្ភ ខ្លាចអត់វ៉ាក់សាំងចាក់ មិនខ្លាច អត់អ្នកចាក់នោះទេ

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល កំពុងព្រួយបារម្ភ ខ្លាចអត់វ៉ាក់សាំង ចាក់មិនខ្លាច អត់អ្នកចាក់នោះទេ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងនេះ បាននិងកំពុងប្រព្រឹត្ត ទៅយ៉ាងរលូន ហើយនឹងបន្តចាក់ ជូនបងប្អូនទាំងអស់ នៅទូទាំងប្រទេស ជាបន្តបន្ទាប់នាពេលខាងមុខ ។ នេះបើយោងតាមនាយកដ្ឋាន ព័ត៌មានក្រសួង ការពារជាតិ។

ក្នុងឱកាសអញ្ជើញ ចុះពិនិត្យយុទ្ធនាការ ការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ជូនបងប្អូនអតីតយុទ្ធកម្ពុជា និងគ្រួសារ ទូទាំងប្រទេស នៅមន្ទីរពេទ្យ ព្រះកេតុមាលា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ បានថ្លែងថា ក្រុមមួយចំនួនទៀត (ពួកប្រឆាំង) ដែលបានវាយប្រហារ និងរិះគន់ នៃយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ នា ពេលបច្ចុប្បន្ននេះ នឹងដឹងខ្លួនពេល ដែលពួកគេទៅណាមកណា មិនបានដោយសារ តែគេតម្រូវ ឲ្យបញ្ជាក់លិខិត នៃការចាក់វ៉ាក់សាំង កូវីដ១៩នោះ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ផងដែរថា យុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់អតីតយុទ្ធជនកម្ពុជា ប្រមាណជាងប្រាំបីម៉ឺននាក់ នៅទូទាំងប្រទេស នឹងធ្វើជាបន្ត បន្ទាប់ ខណៈថ្នាំបានដឹកទៅ ដល់តាមបណ្តាខេត្តមួយចំនួន ជាបណ្តើរៗហើយនោះ ហើយការផ្តល់ការចាក់ ជូនដល់អតីតយុទ្ធជនជាអាទិភាព ដូចកង កម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដទៃទៀតនោះ គឺដោយសារតែមានការ យកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អំពីសុខុមាលភាព របស់បងប្អូន អតីតយុទ្ធជន ដែលពួកគាត់បានពលីជួយជាតិ មាតុភូមិ ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ រហូតដល់សព្វថ្ងៃនេះ ។

សម្តេចពិជ័យសេនា បានបន្តថា នាពេលបច្ចុប្បន្ននេះ អតីតយុទ្ធជនកម្ពុជា មានប្រមាណជាងប្រាំបីម៉ឺននាក់ នៅទូទាំងប្រទេស ដោយនៅក្នុងនោះ រាជធានីភ្នំពេញ គឺមានចំនួនជាងប្រាំបីពាន់នាក់ហើយ ពួកគេនឹងត្រូវទទួលបានវ៉ាក់ សាំងប្រឆាំងកូវីដ១៩ ជាអាទិភាពដូចមន្រ្តីរាជការមន្រ្តី ជួរមុខនិងមន្រ្តីកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទផងដែរ ។ ដោយឡែកសម្រាប់ កងយោធពលខេមរភូមិន្ទ ប្រមាណជិតមួយរយភាគរយហើយ ដែលបានទទួលវ៉ាក់សំាង ការពារមេរោគកូវីដ១៩ នូវដូសទី១ និងប្រមាណជិត ៨០ភាគរយ បានទទួលដូសទី ២ ខណៈក្រុមគ្រួសាររបស់ពួកគេ (កងទ័ព) បានកំពុងដំណើរការជាបន្តបន្ទាប់រហូត ដល់សព្វថ្ងៃនេះ ។

សូមបញ្ជាក់ថា វ៉ាក់សាំង ដែលសម្រាប់ធ្វើការចាក់ជូន ដល់បងប្អូនកងទ័ព គឺជាវ៉ាក់សាំងប្រភេទ ស៊ីណូហ្វាម គឺមានចំនួន ៦០ម៉ឺនដូស ដែលជាជំនួយ របស់ប្រទេសចិន ហើយសម្រាប់ចាក់ជូនដល់អតីតយុទ្ធជន គឺចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដែលកម្ពុជា បានទិញពីប្រទេសចិន កាលពីចុងខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ៕

To Top