ភ្នំពេញ ៖ “មិនបាច់ទៅមើលឯណាឆ្ងាយទេ មើលត្រឹមស្រុកខ្មែរ ទៅបានហើយ ។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ របស់ខ្លួន Cambodia Daily, Radio Free Asia និង VOA បានវាយប្រហារ យ៉ាងចាស់ដៃ ទៅលើផលិតផលវ៉ាក់សាំង របស់ចិនថា គ្មានគុណភាព អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ជាដើម” ។ នេះជាសំណេរ របស់លោក សយ សុភាព ដែលជាបុគ្គលម្នាក់ចូលចិត្ត តាមដានស្ថានការណ៍ នយោបាយទាំងជាតិ អន្តរជាតិ បានលើកបង្ហាញ ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ។
លោកបានបន្តរៀប រាប់ទៀតថា អាមេរិក មិនអស់ចិត្ត ញុះឲ្យខ្មែរមួយផ្នែកណានោះ ដែលខ្លួននៅពីក្រោយឲ្យបើកយុទ្ធនាការ វិភាគ តាមវិទ្យុរបស់គេរួម និងបណ្តាញសង្គមផង ដោយបន្តុះបង្អាប់គ្រប់ បែបយ៉ាង ដើម្បីឲ្យពលរដ្ឋខ្មែរ មិនហ៊ាន ទៅចាក់វ៉ាក់សាំងរបស់ចិន សូម្បីមន្ត្រីខ្លះខ្លាចរអាថែមទៀត ដោយសារចាញ់ បោកការឃោសនា ។
ប៉ុន្តែលោកអះអាងថា ទោះបីមានការរំខាន យ៉ាងណាក៏ដោយ ( ឆ្កែចេះតែព្រូស មនុស្សចេះតែដើរ) ក៏ដំណើរការចាក់វ៉ាក់ នៅតែបន្តរហូតដល់គ្រប់ ចំនួន១៣លាននាក់ ដែលរារដ្ឋាភិបាលចង់បាន។
លោកសង្កត់ធ្ងន់ថា “ខ្ញុំសង្ឃឹមថា មិត្តចិន នឹងផ្តល់ជំនួយឥតសំណង ឬលក់ក្នុងតំលៃទាបបំផុត ដោយស្រប ទៅតាមយុទ្ធសាស្ត្រ ប្រ៊ី និងមិត្តដែកថែប ដែលប្រទេសទាំង២បានស្ថាបនា មិត្តភាពតាំងពី ២ មេសា ១៩៥៥ នៅឥណ្ឌូនេស៊ី បន្តមកដល់បច្ចុប្បន្នកសាងប្រ៊ីរួមគ្នា” ។
ជាយុទ្ធសាស្ត្រចិន មិនឲ្យអាមេរិកធ្វើអ្វី ស្រេចក្បាលចិត្តក្នុងប្លុកប្រ៊ីទេ ជាពិសេសការពារកម្ពុជាពីការតាមឆាឆៅរបស់ប្រទេសជិតឆ្ងាយឲ្យបានដាច់ខាត។ នេះបើតាមការអះអាងពីលោក សយ សុភាព។
ទន្ទឹងនឹងនេះ លោកសយ សុភាព បន្ថែមថា ខ្មែរពេលនេះ មិនស្ថិតក្នុងរជ្ជកាលស្តេច ស្រី សុរិយោព័ណទេ ។
រហូតមកដល់បច្ចុប្បន្នកម្ពុជា ទទួលបានវ៉ាក់សាំង៣ប្រភេទផ្សេងៗគ្នា ដូចជា ៖ វ៉ាក់សាំងស៊ីណូហ្វាម , វ៉ាក់សាំងកូវីសែល និងវ៉ាក់សាំងស៊ីណូវ៉ាក់។
សូមបញ្ជាក់ថា កម្ពុជាបានទទួលជំនួយឥតសំណង សម្រាប់វ៉ាក់សាំងស៊ីណូហ្វាម ចំនួន១៣០ ម៉ឺនដូស ពីរដ្ឋាភិបាលចិន ដោយលើកទី១ ចំនួន ៦០ម៉ឺនដូល មកដល់កម្ពុជា កាលពីថ្ងៃ ៧កុម្ភៈ និងលើកទី២ចំនួន៧០ម៉ឺនដូស មកដល់កាលពីថ្ងៃ៣១ មីនា។
សម្រាប់វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញ ពីប្រទេសចិន ចំនួន១.៥លានដូស ចំណាយថវិកា១៥លានដុល្លារ បានមកដល់កម្ពុជា នៅព្រឹកថ្ងៃ២៦ មីនា ។ វ៉ាក់សាំងស៊ីណូវ៉ាក់ អាចចាក់ចាប់ពីអាយុ១៨ឆ្នាំឡើង ទៅមានប្រសិទ្ធភាពការពារ ចន្លោះពី៧០ ទៅ៨០% ។ ចំណែកអាយុកាលមានរយៈពេល៣៦ខែ ។
គិតមកត្រឹមថ្ងៃ៦ មេសា ក្រសួងសុខាភិបាល បង្ហាញថា ប្រជាពលរដ្ឋបានមកទទួល វ៉ាក់សាំងកូវីដ១៩ចំនួន ៥១២,៣៣៤នាក់៕