ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះបានឧបត្ថម្ភ នូវទឹកប្រាក់ ចំនួន១០លានរៀល ដល់អនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជាដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារ ABA សាខាស្ពានអាកាសផ្សារដីហុយ ។

សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃ៦ មេសា មានករណីផ្ទុះអាវុធមួយ នៅក្រោមស្ពានអាកាសទឹកថ្លា ជិតផ្សារដីហុយ ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ យ៉ាងខ្លាំងដោយសារលោក ភឿង ភិរៈបានបាញ់យុវជនម្នាក់ស្លាប់ ដោយលោកបាន ប្រើសិទ្ធិការពារខ្លួន ក្នុងពេលបំពេញភារកិច្ច។ ក្រោយហេតុការណ៍នេះ មានអ្នកចេញមកការពារ ភឿង ភិរៈថាការបាញ់ទៅលើយុវជននេះ ក្នុងគោលបំណង ការពារខ្លួនប៉ុណ្ណោះ ព្រោះយុវជននោះ បានយកកាំបិត ក្នុងគោលបំណង មកចាក់ លើឈ្មោះ ភឿង ភិរៈ ។

ក្រោយការឃាត់ខ្លួន បានមួយយប់ ព្រះរាជអាជ្ញាសាលា ដំបូងរាជធានីភ្នំពេញ បានពិនិត្យភស្តុតាង ជាវីដេអូ និងឯកសារពាក់ព័ន្ធ ក្នុងសំណុំរឿងនេះ ហើយក៏បានដោះលែង លោក ភឿន ភិរៈ ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេត លើករណីនេះទៀត ៕


