ភ្នំពេញ៖ ប្រធានសមាគម ប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វ៉ន ពៅ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានដឹកនាំសមាជិករបស់ខ្លួន ចំនួន៣០នាក់ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ លើកទី១ នៅទីស្ដីការក្រសួងការងារ។

សូមរំលឹកថា កាលពីថ្ងៃទី២ មេសា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំ ឲ្យភាគីពាក់ព័ន្ធ រៀបចំទីតាំងឲ្យបានត្រឹមត្រូវ ដើម្បីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនអ្នកលក់ត្រី បន្លែសាច់ តាមទីផ្សារ (ក្រៅប្រព័ន្ធជាពិសេស) ហើយក៏ត្រូវរៀបចំចាក់ វ៉ាក់សាំងជូន អ្នករត់កង់បី តាក់ស៊ី និងអ្នកដឹកជញ្ជូនតាមអនឡាញ ព្រោះពួកគាត់មានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីដ-១៩ ។

លោក វ៉ន ពៅ ក៏បានឱ្យដឹងផងដែរថា ប្រសិនបើមានការអនុញ្ញាតពីក្រសួងការងារ រូបលោកនឹងបន្តដឹកនាំ សមាជិករបស់ខ្លួន មកទទួលចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ បន្ថែមទៀត ៕


