ព័ត៌មានជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានជាតិ ប្រចាំសប្ដាហ៍

មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ ស្លាប់ដោយជំងឺគាំងបេះដូង មិនមែនចាក់វ៉ាក់សាំង កូវីដ១៩ទេ

លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានទទួលមរណភាព ដោយរោគាពាធ (ជំងឺគាំងបេះដូង) ក្រោយពីបានបញ្ជូន ដល់មន្ទីរពេទ្យកាលម៉ែត កាលពីវេលាម៉ោង២និង២០នាទី អធ្រាត្រ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ។

លោកមិនមែនស្លាប់ ដោយការចាក់វ៉ាក់សាំងកូវីដ១៩ទេ ។ នេះបើតាមការផ្សព្វផ្សាយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

បើតាមលោកអេង ហ៊ី ដដែល ឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី ក៏បានធ្វើតេស្តរកមេរោគកូវី១៩ដែរ តែលទ្ធផលពិនិត្យសំណាករោគកូវីដ១៩ គឺ “អវិជ្ជមាន”។

សូមបញ្ជាក់ថា មានផេកហ្វេសប៊ុកមួយឈ្មោះថា News Assembly ផ្សាយថា “មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានស្លាប់ក្រោយពេលចាក់ វ៉ាក់សាំងចិន” ៕

អគ្គស្នងការ នគរបាលជាតិ បដិសេធការចុះផ្សាយថា នាយឧត្តមសេនីយ៍ នេត សាវឿន ទទួលមរណភាព

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជាមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងនគរបាល

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបាន បដិសេធចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានប្រឌិតអំពីមរណភាព របស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

ការចេញមកច្រានចោលរបស់អគ្គស្នងការដ្ឋាន ដោយសារថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានជនអគតិបានបង្កើតគណនីហ្វេសប៊ុកបង្ហោះ រូបភាពកែច្នៃនិងខ្លឹមសារព័ត៌មានមិនពិតដោយបំភ្លៃថា នាយឧត្តមសេនីយ៍ នេត សាវឿនបានទទួលមរណភាព។ ការផ្សព្វផ្សាយនេះផ្ទុយពីការពិតទាំងស្រុង ខណៈបច្ចុប្បន្ននាយឧត្តមសេនីយ៍ នេត សាវឿន មានសុខភាពរឹងមាំ បាននិងកំពុងបញ្ជាដឹកនាំកម្លាំង នគរបាលជាតិទូទាំងប្រទេស ក្នុងប្រតិបត្តិការក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គមជាពិសេស ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមកូវីដ-១៩ ក៏ដូចជាក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។ នេះបើតាមលិខិតរបស់ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃ៤ មេសា។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបន្តថា “សូមប្រកាសបដិសេធន៍ និងច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិតដែលមិនត្រឹមតែប្រមាថដល់កិត្តិយស អាយុជីវិតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជាមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងនគរបាលជាតិប៉ុណ្ណោះទេ គឺថែមទាំងមានចេតនា បង្កភាពវឹកវរក្នុងជួរកងកម្លាំងនគរបាលជាតិ និងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គមទៀតផង”។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសថ្កោលទោសដាច់អហង្ការការចំពោះទង្វើទុច្ចរិតគ្មានវិចារណញ្ញាណរបស់ជនអគតិទាំងនោះ និងស្នើអង្គភាពជំនាញបើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកជនលល្មើស រួមទាំងបក្ខពួក និងមេក្លោងយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ។

ជាមួយគ្នានេះ អ្នកនាំពាក្យអំពាវនាវកុំឲ្យសាធាណជន ចូលរួមចែករំលែកព័ត៌មានក្លែងក្លាយនេះដើម្បីចៀសវាងបង្កការលំបាកក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវ របស់នាយកដ្ឋានជំនាញ និងអាចប្រឈមមុខចំពោះការអនុវត្តគោលការណ៍ ជំនាញរបស់មន្ត្រីអនុវត្តច្បាប់៕

អង្គការ ជាង១០០ស្នើឲ្យផ្អាក ការបង់ សងប្រាក់កម្ចី និងការប្រាក់ទៅធនាគារ

ក្រុម អង្គការសង្គមស៊ីវិល នៅកម្ពុជាចំនួន១០៣

ភ្នំពេញ ៖ ក្រុម អង្គការសង្គមស៊ីវិល នៅកម្ពុជាចំនួន១០៣បានស្នើសុំឲ្យរាជរដ្ឋាភិបាល ដាក់ចេញជាវិធានការណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់នៅកម្ពុជា ដើម្បីផ្អាកការបង់សងប្រាក់កម្ចី និងការប្រាក់បង្គរទាំងអស់ រយៈពេលយ៉ាងតិច ៣ខែ ។

ការស្នើរបស់ពួកគេនេះ ដើម្បីផ្ដល់ឲ្យអ្នកខ្ចីប្រាក់នូវឱកាសស្នាក់នៅផ្ទះ និងរក្សាសុវត្ថិភាព អំឡុងពេលផ្ទុះឡើងនៃវីរុសកូវីដ ១៩ ដែលពួកគេមិនគួរត្រូវភ័យខ្លាចក្នុងការបាត់បង់ដីធ្លី ឬផ្ទះសម្បែង ប្រសិនបើពួកគេគ្មានលទ្ធភាពសងប្រាក់វិញទេនោះ ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមនាថ្ងៃ៦ មេសា។

សេចក្តីថ្លែងការណ៍បន្តថា វិស័យកាត់ដេរ ទេសចរណ៍ សេវាកំសាន្ត និងសំណង់ កំពុងត្រូវបានរងគ្រោះជាខ្លាំងពីការរីករាលដាលនៃជំងឺនេះ ។ វិស័យទាំងនេះផ្ដល់ការងារដល់ស្រ្តីរាប់សែននាក់ ខណៈអត្រានៃអ្នកខ្ចីកម្ចីខ្នាតតូចគឺមានស្រ្តីចំនួន ៧៥% មានន័យថា មានករណីជាច្រើន ដែលវិបត្តិជំងឺរីករាលដាលនេះ ប៉ះពាល់យ៉ាងខ្លាំងចំពោះស្រ្តីជាអ្នកខ្ចីប្រាក់ ។

ក្រៅពីនេះ កសិករ ពលករចំណាកស្រុក សហគមន៍ក្រីក្រ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកធ្វើជំនួញ អាជីវករ និងអ្នកលក់ដូរតាមដងផ្លូវ ក៏ប្រឈមនឹងការធ្លាក់ចុះខ្លាំងនៃប្រាក់ចំណូលផងដែរ ។ មានមនុស្សតិចតួចណាស់ដែលមិនទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជំងឺកូវីដ១៩នេះ ។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។

សេចក្តីថ្លែងការណ៍បន្តយ៉ាងដូច្នេះដោយលើកសរសើរថា រាជរដ្ឋាភិបាលបានចាត់វិធានការមួយចំនួនរួចមកហើយ ដើម្បីកាត់បន្ថយមនុស្សមួយចំនួនពីការរងគ្រោះ ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចជាងមួយឆ្នាំកន្លងមកនេះ ។

ក្នុងនោះសាច់ប្រាក់ដែលត្រូវបានផ្ដល់ ឲ្យទៅពលរដ្ឋជាច្រើនដែលមានប័ណ្ណក្រីក្រ និងប្រាក់ឧបត្ថម្ភសម្រាប់ប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី រោងចក្រ បានផ្ដល់ប្រភពដ៏សំខាន់មួយនៃប្រាក់ចំណូល ដល់ពលរដ្ឋរាប់សែននាក់ ដែលត្រូវការជំនួយ ។ ប្រសិនបើគ្មានគោលនយោបាយទាំងនេះទេ ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៃការរីករាលដាលជាសកលនេះ នឹងកាន់តែមានស្ថានភាពអាក្រក់ខ្លាំងជាងនេះ ៕

នាយករដ្ឋមន្រ្តី សម្រេចបិទការធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយទៅខេត្តមួយ រយៈពេល១៤ថ្ងៃ លើកលែងរាជធានីភ្នំពេញ និងខេត្តកណ្តាល

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្ដីសម្រេចបិទ ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលពី​ខេត្ត​មួយទៅខេត្តមួយជា បណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លើកលែងរាជធានីភ្នំពេញ និងខេត្តកណ្តាលហេីយករណី​នេះ លើកលែងចំពោះការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។

យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បញ្ជាក់​បន្ថែម​ថា
-ការធ្វើដំណើររបស់មន្ត្រីរាជ ការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវប័ណ្ណសម្គាល់ការងាររបស់ខ្លួន ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត
-ការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ដោយរួមទាំងការដឹកជញ្ជូនពលករ ដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេស ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ទៅកាន់ស្រុកកំណើតក្នុងគោលបំណងដើម្បីធ្វើចត្តាឡីស័ក
-រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងេកជន
-រថយន្តពន្លត់អគ្គិភ័យ
-រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
-ការដឹកជញ្ជូនកម្មករ ទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

-ការធ្វើដំណើររបស់ពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី៤នាក់ សម្រាប់ករណីនីមួយៗ

-ការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ក្នុងសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដែលថ្ងៃទី២០ ខែមេសាផងដែរ។
តាមរយៈសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូនគណៈអភិបាលរាជធានី ខេត្ត អនុវត្តវិធានការឱ្យមានប្រសិទ្ធភាប។

គណៈអភិបាលរាជធានី ខេត្ត ក៏ត្រូវបានប្រគល់សមត្ថកិច្ចក្នុងការសម្រេចដាក់ចេញវិធានការគ្រប់គ្រង រឹតត្បិត ឬហាមឃាត់ការធ្វើដំណើរ ដោយអនុលោមតាមគោលការណ៍ដូចមានចែងក្នុងប្រការ១ខាងលើ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន សម្រាប់ភូមិសាស្ត្រក្រុង ស្រុក ខណ្ឌ ឬឃុំ សង្កាត់ ឬភូមិ ឬទីកន្លែងណាមួយនៅក្នុងភូមិសាស្ត្ររាជធានី ខេត្តរបស់ខ្លួន ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ឬក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ក្នុងសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល ក៏បានណែនាំគណៈអភិបាលរាជធានី ខេត្ត ក្នុងរយៈពេលពីរសប្តាហ៍នេះ ត្រូវចាត់វិធានការចាំបាច់នានា ក្នុងភូមិសាស្ត្ររាជធានី ខេត្តរបស់ខ្លួន សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមានទាំងនៅក្នុងការគ្រប់គ្រងចរាចរណ៍ និងការដឹកជញ្ជូនមនុស្ស និងទាំងនៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមវត្តអារាម វិហារសាសនា និងទីតាំងផ្សេងទៀត ដែលអាចមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគញនាក្នុងចំនួនច្រើន។

គណៈអភិបាលរាជធានី ខេត្ត ក៏មានសិទ្ធបង្កើតយន្តការចាំបាច់នានា ដើម្បីតាមដាន ត្រួតពិនិត្យ និងអនុវត្តវិធានការទាំងឡាយក្រោមខាងលើក្រោមសមត្ថកិច្ចរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា វិធានការរបស់រាជរដ្ឋាភិបាល បានធ្វើឡើងក្នុងគ្រាដែលការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ កំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃ និងរីកសាយភាយទៅកាន់ខេត្តជាច្រើន៕

អភិបាល​ ខេត្តព្រះសីហនុ កំពុងពិចារណា អនុញ្ញាត ឲ្យអ្នកចាក់វ៉ាក់សាំង កូវីដ១៩រួច ចេញ-ចូលខេត្ត

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ

ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាននិងកំពុងពិចារណា ក្នុងការផ្តល់ការអនុញ្ញាត ឲ្យអ្នកចាក់វ៉ាក់សាំងកូវីដ១៩ ទាំង២លើករួចរាល់ ចេញ-ចូល ខេត្តព្រះសីហនុ ក្រោយបម្រាមធ្វើដំណើរ ឆ្លងខេត្តរបស់រាជរដ្ឋាភិបាល ត្រូវបានបញ្ចប់ ។

តាមបណ្តាញសង្គមហ្វេសប៊ុក របស់ខេត្តព្រះសីហនុ នារសៀលថ្ងៃ៨ មេសា នេះបានឲ្យដឹង ថា “រដ្ឋបាលខេត្តព្រះសីហនុ កំពុងពិចារណាផ្តល់ការ អនុញ្ញាត ជូនចំពោះតែអ្នក ដែលបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចំនួនពីរ លើករួចរាល់ និងមានភាពចាំបាច់ ត្រូវធ្វើដំណើរ ចេញចូលក្នុងខេត្តព្រះសីហនុ តែប៉ុណ្ណោះ នៅក្រោយពេលបម្រាមធ្វើដំណើរឆ្លងខេត្ត របស់រាជរដ្ឋាភិបាល បានបញ្ចប់” ។

រាជរដ្ឋាភិបាលកម្ពុជា បានឲ្យផ្អាកការ ធ្វើដំណើរឆ្លងខេត្ត របស់ពលរដ្ឋរយៈពេល ២សប្តាហ៍ចាប់ពីថ្ងៃ៦-២០មេសា ដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺ កូវីដ១៩ ៕

លោក សយ សុភាព ៖ ខ្ញុំរីករាយអ្នកដឹកនាំខ្មែរស្តីបន្ទោស តែមិនឲ្យអតីតរដ្ឋមន្ត្រី ការបរទេសវៀតណាម ឈ្លើយដាក់មេដឹកនាំខ្ញុំទេ

រដ្ឋមន្ត្រីការបរទេសវៀតណាមទំនើងចេញពីតំណែង លោក ផាម ប៊ិញមិញ (Pham Binh Minh)”

ភ្នំពេញ ៖ “ខ្ញុំរីករាយអ្នកដឹកនាំខ្មែរស្តីបន្ទោស តែខ្ញុំមិនឲ្យអ្នកឯងឈ្លើយដាក់មេដឹកនាំរបស់ខ្ញុំទេ ។ នេះជាភាសារបស់ខ្ញុំដែលធ្លាប់បាននិយាយកន្លងមក និងសំដៅទៅលើរដ្ឋមន្ត្រីការបរទេសវៀតណាមទំនើងចេញពីតំណែង លោក ផាម ប៊ិញមិញ (Pham Binh Minh)” ។ នេះជាសំដីរបស់លោក សយ សុភាព ដែលបានបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃទៅលើលោក ផាម ប៊ិញមិញដែលជាអតីតរដ្ឋមន្រ្តីការបរទេសវៀតណាម ក្រោយបានធ្លាក់ចេញពីតំណែង ។

លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាមត្រូវបានផ្លាស់ចេញ ដោយដាក់លោក Bui Thanh Son អនុរដ្ឋមន្រ្តីជំនួស ធ្វើជារដ្ឋមន្រ្តីការបរទេសវិញ ។ លោក Pham Binh Minh នេះបានដើរបញ្ចុះបញ្ចូល (lobby) កកូរកកាយ និងសកម្មជាងគេបំផុតជាមួយដៃគូ ហ្វីលីពីន ក្រោមកិច្ចសហការរបស់អាមេរិក ក្នុងការលើកឡើងនូវបញ្ហាសមុទ្រចិនខាងត្បូង នាសមយ័ប្រជុំលើកទី៤៥ នាឆ្នាំ២០១២ នៅភ្នំពេញ ក្នុងគោលបំណងបំបាក់មុខសាកល្បងភាពភក្តីរបស់កម្ពុជាចំពោះវៀតណាមដោយពុំបានគិតដល់ផលប្រយោជន៍ និងកិត្យានុភាពរបស់កម្ពុជាឡើយ ។

លោក សយ សុភាព បានថ្លែងនៅថ្ងៃ ៨ មេសាថា ក្នុងក្របខណ្ឌអាស៊ានរដ្ឋមន្ត្រី ចេញពីតំណែងទំនើងមួយនេះ ក៏មិនទទួលបានការរាប់អានទេ ហេតុដូច្នេះហើយ បានជានៅក្នុងសម័យសន្និបាតបក្សលើកទី១៣ របស់វៀតណាមសម្រេចដូរចេញ ដាក់មន្រ្តីក្រោមបង្គាប់ ឲ្យឡើងជំនួស ដើម្បីឆ្លើយតបសភាព ការណ៍ជាក់ស្តែង ។

ដោយឡែក ជាមួយកម្ពុជាវិញ លោក ផាម ប៊ិញមិញ រដ្ឋមន្ត្រីការបរទេសចេញពីតំណែងរូបនេះ សម្តែងឬកពារមិនសមរម្យដាក់មេដឹកនាំខ្មែរ (ភាសាខ្មែរសាមញ្ញថា «ឈ្លើយ៩»។

លោកថា កន្លងមកលោកធ្លាប់រិះគន់ លោក ផាម ប៊ិញមិញ ដោយមិនខ្លាចទេ ព្រោះមើលងាយអ្នកដឹកនាំខ្មែរ។ លោកសង្ឃឹមថា រដ្ឋមន្ត្រីការបរទេសវៀតណាមថ្មី នឹងគោរពមេដឹកនាំខ្មែរ ក្នុងន័យប្រទេសទាំង២ឯករាជ្យ និងស្គាល់ចាស់ទុំខាងនយោបាយ ។

លោកបានបញ្ជាក់យ៉ាងច្បាស់ៗថា “ខ្ញុំត្រៀមនឹងទទួលយកការស្តីបន្ទោសតែដាច់ខាតត្រូវតែហ៊ានថាឲ្យបុគ្គលរដ្ឋមន្ត្រីកាបរទេសវៀតណាមរូបនេះ។ ផាម ប៊ិញមិញ និងកាស៊ីត ភីរម្យា អតីតរដ្ឋមន្ត្រីការបរទេសថៃ ឈ្លើយដូចគ្នា។ ដោយសាររដ្ឋមន្ត្រីការបរទេសទាំង២ទំនើងនេះ ហើយបានជាពេលខ្លះទំនាក់ទំនង ការទូតជួបភាពរអាក់អួល។ ពេលនេះពួកគេទៅហើយ ខ្ញុំក៏លែងដៀមដាម ឲ្យអ្នកឯងទៀតដែរ ។ អញ្ជើញទៅចុះឲ្យសុខសប្បាយហើយ ឈប់ឈ្លើយដាក់មេដឹកនាំខ្មែរទៀត” ៕

អាមេរិក​ តាមបំផ្លាញ វ៉ាក់សាំង របស់ចិនលុះក្ស័យ

ភ្នំពេញ ៖ “មិនបាច់ទៅមើលឯណាឆ្ងាយទេ មើលត្រឹមស្រុកខ្មែរ ទៅបានហើយ ។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ របស់ខ្លួន Cambodia Daily, Radio Free Asia និង VOA បានវាយប្រហារ យ៉ាងចាស់ដៃ ទៅលើផលិតផលវ៉ាក់សាំង របស់ចិនថា គ្មានគុណភាព អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ជាដើម” ។ នេះជាសំណេរ របស់លោក សយ សុភាព ដែលជាបុគ្គលម្នាក់ចូលចិត្ត តាមដានស្ថានការណ៍ នយោបាយទាំងជាតិ អន្តរជាតិ បានលើកបង្ហាញ ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ។

លោកបានបន្តរៀប រាប់ទៀតថា អាមេរិក មិនអស់ចិត្ត ញុះឲ្យខ្មែរមួយផ្នែកណានោះ ដែលខ្លួននៅពីក្រោយឲ្យបើកយុទ្ធនាការ វិភាគ តាមវិទ្យុរបស់គេរួម និងបណ្តាញសង្គមផង ដោយបន្តុះបង្អាប់គ្រប់ បែបយ៉ាង ដើម្បីឲ្យពលរដ្ឋខ្មែរ មិនហ៊ាន ទៅចាក់វ៉ាក់សាំងរបស់ចិន សូម្បីមន្ត្រីខ្លះខ្លាចរអាថែមទៀត ដោយសារចាញ់ បោកការឃោសនា ។

ប៉ុន្តែលោកអះអាងថា ទោះបីមានការរំខាន យ៉ាងណាក៏ដោយ ( ឆ្កែចេះតែព្រូស មនុស្សចេះតែដើរ) ក៏ដំណើរការចាក់វ៉ាក់ នៅតែបន្តរហូតដល់គ្រប់ ចំនួន១៣លាននាក់ ដែលរារដ្ឋាភិបាលចង់បាន។

លោកសង្កត់ធ្ងន់ថា “ខ្ញុំសង្ឃឹមថា មិត្តចិន នឹងផ្តល់ជំនួយឥតសំណង ឬលក់ក្នុងតំលៃទាបបំផុត ដោយស្រប ទៅតាមយុទ្ធសាស្ត្រ ប្រ៊ី និងមិត្តដែកថែប ដែលប្រទេសទាំង២បានស្ថាបនា មិត្តភាពតាំងពី ២ មេសា ១៩៥៥ នៅឥណ្ឌូនេស៊ី បន្តមកដល់បច្ចុប្បន្នកសាងប្រ៊ីរួមគ្នា” ។

ជាយុទ្ធសាស្ត្រចិន មិនឲ្យអាមេរិកធ្វើអ្វី ស្រេចក្បាលចិត្តក្នុងប្លុកប្រ៊ីទេ ជាពិសេសការពារកម្ពុជាពីការតាមឆាឆៅរបស់ប្រទេសជិតឆ្ងាយឲ្យបានដាច់ខាត។ នេះបើតាមការអះអាងពីលោក សយ សុភាព។

ទន្ទឹងនឹងនេះ លោកសយ សុភាព បន្ថែមថា ខ្មែរពេលនេះ មិនស្ថិតក្នុងរជ្ជកាលស្តេច ស្រី សុរិយោព័ណទេ ។
រហូតមកដល់បច្ចុប្បន្នកម្ពុជា ទទួលបានវ៉ាក់សាំង៣ប្រភេទផ្សេងៗគ្នា ដូចជា ៖ វ៉ាក់សាំងស៊ីណូហ្វាម , វ៉ាក់សាំងកូវីសែល និងវ៉ាក់សាំងស៊ីណូវ៉ាក់។

សូមបញ្ជាក់ថា កម្ពុជាបានទទួលជំនួយឥតសំណង សម្រាប់វ៉ាក់សាំងស៊ីណូហ្វាម ចំនួន១៣០ ម៉ឺនដូស ពីរដ្ឋាភិបាលចិន ដោយលើកទី១ ចំនួន ៦០ម៉ឺនដូល មកដល់កម្ពុជា កាលពីថ្ងៃ ៧កុម្ភៈ និងលើកទី២ចំនួន៧០ម៉ឺនដូស មកដល់កាលពីថ្ងៃ៣១ មីនា។

សម្រាប់វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញ ពីប្រទេសចិន ចំនួន១.៥លានដូស ចំណាយថវិកា១៥លានដុល្លារ បានមកដល់កម្ពុជា នៅព្រឹកថ្ងៃ២៦ មីនា ។ វ៉ាក់សាំងស៊ីណូវ៉ាក់ អាចចាក់ចាប់ពីអាយុ១៨ឆ្នាំឡើង ទៅមានប្រសិទ្ធភាពការពារ ចន្លោះពី៧០ ទៅ៨០% ។ ចំណែកអាយុកាលមានរយៈពេល៣៦ខែ ។

គិតមកត្រឹមថ្ងៃ៦ មេសា ក្រសួងសុខាភិបាល បង្ហាញថា ប្រជាពលរដ្ឋបានមកទទួល វ៉ាក់សាំងកូវីដ១៩ចំនួន ៥១២,៣៣៤នាក់៕

លោកស្រី ឱ វណ្ណឌីន ៖ គ្មានអ្នកណាមកបញ្ជាខ្ញុំ ឲ្យដាក់តួលេខ អ្នកឆ្លងជំងឺកូវីដ១៩ ប៉ុណ្ណេះប៉ុណ្ណោះទេ

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាលោកស្រី ឱ វណ្ណឌីនបានថ្លែងការបដិសេធចំពោះសារដែលបានផ្ញើតៗគ្នាអំពីការកែតួលេខអ្នកឆ្លងជំងឺកូវីដ១៩ ហើយលោកស្រីអះអាងថា ក៏មិនបានធ្វើតាមបញ្ជាអ្នកណាម្នាក់ដែលក្នុងការកែតួលេខអ្នកឆ្លងពីច្រើនមកតិច ។ នេះបើតាមការសារព័ត៌មានAKP។

លោកស្រីបានថ្លែងថា “ខ្ញុំសូមបដិសេធចោលថា ខ្ញុំមិនដែលទទួលបាននូវសារខាងលើនេះ និងមិនដែលមានអ្នកណាមកបង្គាប់បញ្ជាខ្ញុំឲ្យដាក់តួលេខប៉ុណ្ណេះប៉ុណ្ណោះ ដូចការបង្ហាញនៅក្នុងសារនេះឡើយ។ សូម្បីតែឈ្មោះខ្ញុំក៏សរសេរខុសដែរ អាចជាសារបន្លំ និងក្លែងក្លាយហើយ សុំមេត្តាកុំចែកចាយបន្តទៀតអី ដែលធ្វើឲ្យមានការច្របូកច្របល់លើបញ្ហាទិន្នន័យនេះ”។

ការចេញមកបដិសេធរបស់លោកស្រីនេះ ក្រោយមានការចែកចាយបន្តគ្នាក្នុងបណ្តាញតេឡេក្រាមនៅព្រឹកថ្ងៃ៩ មេសា អំពីអ្នកឆ្លងជំងឺកូវីដ១៩មានរហូតដល់៥៧៦នាក់ ៕

អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ ឆ្លើយតបមតិរិះគន់មហាជន ជុំវិញការស្ថាបនាជួសជុល ស្ពានមុន្នីវង្សចាស់

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ

ភ្នំពេញ៖បន្ទាប់ពីមានមតិមហាជនលើកឡើង ជុំវិញការស្ថាបនាស្ពានព្រះមុន្នីវង្សចាស់ ដែលបង្កជាការកកស្ទះចរាចរ នៅចំណុចស្ពានអាកាសក្បាលថ្នល់ នៅរាត្រីថ្ងៃទី៨ខែមេសាឆ្នាំ២០២១នេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឆ្លើយតប ដោយបានបញ្ជាក់ថា បើទោះបីជាការដ្ឋាន ត្រូវធ្វើតែពេលយប់ហើយផ្អាកការស្ថាបនាពេលថ្ងៃ ក៏នៅតែមិនអាចបើកស្ពាន ឲ្យមានចរាចរណ៍លើការដ្ឋានបានដែរ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានធ្វើការបកស្រាយភ្លាមៗក្រោយផ្ទុះការរិះគន់ ពីសំណាក់មហាជន និងបានទទួលស្តាប់ ការលើកឡើងជាយោល់ទាំងអស់ ប៉ុន្តែទោះជាយ៉ាងណា តាមលក្ខខ័ណ្ណបច្ចេកទេស ក្នុងការស្ថាបនាស្ពាននេះ នៅតែមិនអាចធ្វើការផ្អាកពេលណាមួយបានឡើយ ជម្រើសមានតែខិតខំ សម្រុកការស្ថាបនាឲ្យបានរហ័ស និងបង្ខំចិត្តឲ្យមានការកកស្ទះត្រឹមរយៈពេល៣ថ្ងៃ ប្រសើងជាងអូសបន្លាយពេលយូរជាងនេះ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា “ការងារស្ថាបនាជួសជុលស្ពាននេះ គឺយើងជាលក្ខណៈបច្ចេកទេសគឺយើងត្រូវឈូស យើងត្រូវឆ្កឹះនូវកៅស៊ូចាស់ចេញ ហើយការងារដែលតាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលលោកបានបញ្ជាក់ គឺយើងត្រូវប្រើពេលវេលាធ្វើយ៉ាងមិច អោយបានលឿនជាទីបំផុត ដើម្បីកាត់បន្ថយការកកស្ទះចរាចរនេះ ដូចអ្វីដែលលោកលោកស្រីបានចូលរួមយោបល់នេះទៅហើយ” 

អ្នកនាំពាក្យដដែរនេះបានឲ្យដឹងថា “រយៈពេលបីថ្ងៃនេះក្រុមការងារ តាមរយៈការរំពៃមើលហើយនិងសម្រុកថាធ្វើយ៉ាងណាថាធ្វើឲ្យបានលឿនរហ័សមិនអោយមានការអូសបន្លាយ ពេលជាងនេះទៀតទេ។យ៉ាងណាមិញចំពោះពេលវេលាត្រូវធ្វើនេះមិនអាចធ្វើនៅពេលព្រឹក ឬនៅពេលថ្ងៃទុកពេលយប់ឬធ្វើពេលយប់ទុកពេលថ្ងៃ ដែលមានន័យថាកិច្ចការនេះគឺយើងធ្វើ២៤ម៉ោង ទាំងពេលថ្ងៃនិងពេលយប់ហើយបើទោះបីជាយើង សម្រុកធ្វើតែពេលយប់ផ្អាកពេលថ្ងៃ ក៏ពេលថ្ងៃនេះមិនអាចបើកអោយនៅដំណើរការនូវយាន្តជំនិះអ្វីផ្សេងៗ នៅលើការដ្ឋានដែលបានឈុសឆាយ កំពុងតែធ្វើនេះទេ” 

អ្នកនាំពាក្យបានបញ្ចាក់ថា “យើងគ្មានជម្រើសដែលយើងត្រូវបើក នៅពេលថ្ងៃក៏ប៉ុន្តែផ្ទុយមកវិញ យើងត្រូវសម្រុកធ្វើទាំងយប់ទាំងថ្ងៃ ដែលយើងគិតថាជាកិច្ចការ ចំណេញពេលវេលា ហើយបានកាត់បន្ថយការកកស្ទះចរាចរ មិនលើសពីរយៈពេល៣ថ្ងៃ

ជាមួយនឹងកិច្ចការនេះដែរលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបន្ថែមនូវសាឡងសម្រាប់ឆ្លងជាជម្រើស សម្រួលបន្ថែមមួយជម្រើសទៀត ពីទីតាំងកោះនរាយ ឡើងចុះមកកោះពេជ្រដើម្បីរួមចំណែកមួយ ក្នុងការចូលរួមកាត់បន្ថយការកកស្ទះមួយអន្លើដែរ ក្នុងពេលដែលធ្វើការស្ថាបនានេះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញក៏បានសុំការអធ្យាស្រ័យនិងសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ទាំងអស់ផងដែរខណៈដែលមានកម្លាំងសមត្ថកិច្ចក៏បានធ្វើការយ៉ាងមមាញឹកក្នុងការសំរួលចរាចរជូនផងដែរ៕

សមុទ្រចិនខាងត្បូង នឹងមិនក្លាយជាក្តារអុក សម្រាប់កម្ពុជា​នៅឆ្នាំ២០២២ ទៀតទេ

ភ្នំពេញ ៖ រដ្ឋាភិបាលវៀតណាម ទើបមាននាយករដ្ឋមន្ត្រីថ្មី លោក ផាម ប៊ិញជីង និង រដ្ឋមន្ត្រីការបរទេសក៏ថ្មីដែរគឺលោក ប៊ុយ ថាញ់សឿន និង រដ្ឋមន្ត្រីថ្មីសរុប១២រូបដែលរដ្ឋសភាទើបបោះឆ្នោត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។

បើតាមអ្នកវិភាគ រដ្ឋាភិបាលថ្មីនេះ ទំនងជាបន្ទន់ឥរិយាបទជាមួយចិនដោយនឹងមិនប្រឈមស្រួចស្រាវដូចរដ្ឋាភិបាលមុនៗទេ(រដ្ឋាភិបាលង្វៀន តាន់ជុង និង ង្វៀង ស៊ុនហ្វុក)ដែលមានរដ្ឋមន្ត្រីការបរទេស ផាម ប៊ិញមិញជាមនុស្សដែលអាមេរិកបណ្តុះបណ្តាល។

រដ្ឋាភិបាលមុនៗជាពិសេស រដ្ឋាភិបាលង្វៀន តាន់ជុង ដែលផាម ប៊ិញ ជារដ្ឋមន្ត្រីការបរទេស បានប្រឆាំងចិនខ្លាំង រឿងសមុទ្រចិនខាងត្បូង ហើយបានវាយប្រហារកម្ពុជាក៏មហាខ្លាំងណាស់ដែរ។

ឥឡូវនេះវៀតណាមមិនហ៊ានលោតខ្លាំងដាក់ចិនទៀតទេហើយអស់ផ្លូវដើរ កំពុងសុំចែចូវចិនទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ថែមទៀត។

ភូមិសាស្ត្រនយោបាយក្នុងតំបន់ប្រែប្រួលដោយចិនមានប្រៀបលើអាមេរិក ហើយវៀតណាមផ្លាស់ប្តូរមេដឹកនាំថ្មីដែលមានទំនោរងាកទៅរកចិនដើម្បីផលប្រយោជន៍ ដូច្នេះវៀតណាមនឹងមិនប្រឈមដាក់ចិនចំមុខដូចមុនទៀតទេ អាចប្តូរយុទ្ធវិធីដោយសម្របជាមួយចិន។

ឆ្នាំ២០២២ កម្ពុជា ធ្វើជាប្រធានអាស៊ានប្តូរវេន ដូច្នេះវៀតណាមនឹងមិនប្រឆាំងចិនលើដីខ្មែរឬធ្វើជាបងធំដាក់ខ្មែរទៀតឡើយ។ ម្យ៉ាងខ្មែរ ឈ្នះឈ្នះមិនមែនខ្មែររណបគេទេ។ ដូច្នេះ របៀបវីរៈសមុទ្រចិនខាងត្បូងនឹងលែងក្លាយជាក្តារអុករបស់វៀតណាមគាបដាក់កម្ពុជាទៀតឡើយ។

ក៏ប៉ុន្តែមិនមានន័យថាមហាអំណាច និងសម្ព័ន្ធមិត្តរបស់គេអស់របៀបវីរៈគាបខ្មែរទេ។ អាមេរិក នឹង លើកយកបញ្ហាទន្លេមេគង្គមកអុកខ្មែរម្តងដែលវានឹងក្លាយជាប្រធានបទក្តៅជំនួសបញ្ហាសមុទ្រចិខាងត្បូង ហើយឲ្យក្រុមកូនជឹងខ្មែររបស់គេ ប្រឆាំងគ្រប់រូបភាព៕

To Top