ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល បានឲ្យដឹងថា កាលពី ម្សិលមិញក្រុមមេដឹកនាំអតីតបក្សប្រឆាំង ដោយមានមហាអំណាច និងក្រុមសម្ព័ន្ធមិត្តរបស់គេផង បានដាក់ចេញនូវយុទ្ធសាស្ត្រ បង្កភាពចលាចល ក្នុងប្រទេសតាមរយៈអំពាវនាវ ឲ្យប្រជា ពលរដ្ឋទៅចាក់វ៉ាក់សាំងរបស់ចិន ដែលកន្លងមកគេធ្វើយុទ្ធនារការប្រឆាំង។
ការអំពាវនេះ គេអាចនិយាយបានថា ជាការ រងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល តារបៀបដែលគេហៅថា «បដិវត្តន៍ចាក់វ៉ាក់សាំង» ១១ មេសា ២០២១។ អំពើដ៏ស្មោគគ្រោកបែបនេះ មិនអាចទៅរួចជាដាច់ខាត ព្រោះម្ចាស់ ពានរង្វាន់ «សន្តិភាពប្រជាជន ២៩ធ្នូ១៩៩៨» (ប្រជាជនប្រសិទ្ធនាម) មិនឲ្យអ្នកឯងសម្រេចបំណងពិសពុល បានឡើយ។ ផែនការបដិវត្តន៍ម្រាម ដៃ៣ បរាជ័យ ចង់បង្កើតផែនការ «បដិវត្តន៏ចាក់វ៉ាក់សាំង» ថែមទៀត។
លោក សយ សុភាព ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ រួមសាមគ្គីគ្នាកុំចាញ់ឧបាយកលមហាពិសពុលនេះឲ្យសោះ។
សូមរំលឹកថា កាលពីម្សិលមិញ លោក សម រង្ស៊ី អំពាវនាវឲ្យប្រជាពលរដ្ឋ ទទួលយកវ៉ាក់សាំងចិនគ្រប់គ្នា ក្នុងកាលៈ ទេសៈបច្ចុប្បន្ន បន្ទាប់ពីលោកលើកឡើងអំពីលក្ខណៈវ៉ាក់សាំង និងអំពីរបៀបប្រើប្រាស់វ៉ាក់សាំង ក្នុងពិភពលោក ហើយជាពិសេសនោះ កត្តាពីរនៃវ៉ាក់សាំងនីមួយៗ គឺកត្តាសុវត្ថិភាព និងកត្តាប្រសិទ្ធភាព យើងគួរយកវ៉ាក់សាំងចិនឬទេ? ក្នុងស្ថានការណ៍មួយកម្ពុជាមិនទាន់មានវ៉ាក់សាំងផ្សេងៗទៀត ដែលថា ល្អប្រសើរជាងវ៉ាក់សាំងចិន។
លោកថា «ខ្ញុំយល់ឃើញថា ពេលនេះយើងត្រូវតែទទួលយក វ៉ាក់សាំងចិននេះ គឺជាវ៉ាក់សាំងដែលអាចទទួលយកបាន ពីព្រោះយើងមើលកត្តាសុវត្ថិភាព អត់មានតួលេខ អត់មានព័ត៌មានអី ដែលបង្ហាញថា វ៉ាក់សាំងនេះនាំមកគ្រោះថ្នាក់ទេ ដូច្នេះ សូមកុំឲ្យមានពាក្យចចាមរ៉ាម ហើយបញ្ចប់ពាក្យចចាមរ៉ាមថា វ៉ាក់សាំងនេះគ្រោះថ្នាក់»។
ស្របពេលជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីម្សិលមិញនេះ បានចេញសារបន្ទាន់ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ រក្សាភាពនឹងនរលើការចាក់វ៉ាក់សាំង មិនត្រូវនាំគ្នាទៅដណ្តើមវ៉ាក់សាំងឡើយ ។ សម្តេច ហៅការអំពាវនាវឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំចិន មិនមែនជាបំណងល្អរបស់ពួកគេនោះទេ ជាផែនការ ពិសពុល។
សូមរំលឹកថា រហូតមកដល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានជាង១លាននាក់ហើយ ខណៈអ្នកវិភាគ បានលើកឡើងថា ទាំងនេះជាកាជោគជ័យរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា៕