ព័ត៌មានជាតិ

WHO កោតសរសើរ នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងការបិទចរាចរណ៍ ឆ្លងកាត់ខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ

ភ្នំពេញ ៖ អង្គការសុខភាពពិភពលោក (WHO) ធ្វើការកោតសរសើរចំពោះសេចក្តីសម្រេច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការរឹត បន្ដឹងធ្វើចរាចរណ៍ឆ្លងរាជធានី-ខេត្ត ខណៈវិធានការ នេះ មានតួនាទីសំខាន់ទប់ស្កាត់ ការរីករាលដាល នៃមេរោគកូវីដ-១៩ អំឡុងពេលប្រារព្ធពិធីបុណ្យ ចូលឆ្នាំថ្មី នាពេលខាងមុខ។

ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្អាកធ្វើដំណើរឆ្លង ខេត្តរយៈពេល១៤ថ្ងៃ ខណៈវិធានការនេះ ធ្វើឡើងដើម្បីកាត់ផ្តាច់ និងរាំងខ្ទប់ការរីករាលដាលជំងឺកូវីដ-១៩ ។

យោងតាមលិខិតរបស់ លោក Takeshi Kasai នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្ញើជូនសម្ដេចតេជោ នាពេលថ្មីៗនេះបានកោតសរសើរចំពោះ សម្ដេចតេជោផ្ទាល់ និងរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំប្រឹងប្រែង និងសម្រេចនូវសមិទ្ធិផលដ៏ធំធេង ជាការឆ្លើយតបទៅនឹង ការរាតត្បាតនៃជំងឺកូវីដ-១៩។

លោកបន្ដថា WHO ចែករំលែកនូវការ ព្រួយបារម្ភ របស់កម្ពុជា អំពីស្ថានភាពបច្ចុប្បន្ន នៅពេលដែលកម្ពុជាកំពុងប្រឈមមុខ នឹងការផ្ទុះឡើងដ៏អាក្រក់បំផុត មិនធ្លាប់មានចាប់តាំងការ រាតត្បាត នៃជំងឺកូវីដ-១៩នេះ បានចាប់ផ្ដើមមក ។ អំឡុងពេល នៃការរាតត្បាត នៃជំងឺកូវីដ-១៩ ប្រទេសជាច្រើនបានប្រឈម នឹងពេលវេលាដ៏លំបាកដូចនេះ ហើយមាន តែការដឹកនាំ និងលទ្ធភាពនៅ ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ដ៏លំបាកនោះទេ ដែលបានផ្ដល់ជាមគ្គុទេសក៏ ដល់ប្រទេស ទាំងនោះ ឲ្យឆ្លងផុតពេលវេលា ដ៏លំបាកទាំងនោះបាន ។

លោក រៀបរាប់ថា បុណ្យចូលឆ្នាំខ្មែរ គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយ នៅក្នុងវប្បធម៌ខ្មែរ ដែលជាឱកាសមួយនាំឲ្យ គ្រួសារបានជួបជុំគ្នា ហើយធ្វើការឆ្លុះបញ្ចាំងពីឆ្នាំចាស់ ដែលបានកន្លងផុតទៅ ក៏ដូចជាអបអរក្តីសង្ឃឹម របស់ប្រជាជន កម្ពុជា សម្រាប់ឆ្នាំថ្មីខាងមុខ។ តែទោះជាយ៉ាងណាក៏ដោយ ដូចដែលបានឃើញ កើតឡើង នៅបណ្តាប្រទេសដទៃទៀត ការប្រារព្ធពិធីបែបនេះ មានហានិភ័យខ្ពស់ ក្នុងការចម្លងវីរុសនៅទូទាំងប្រទេស ។ ហានិភ័យ គឺកាន់តែធ្ងន់ធ្ងរទៅទៀត នៅពេលដែលមានវត្តមាន និងចរាចររបស់វីរុសបំប្លែងថ្មី B.1.1.7។

លោកបញ្ជាក់ថា «អង្គការសុខភាពពិភពលោក សូមធ្វើការកោតសរសើរ ចំពោះការធ្វើសេចក្តីសម្រេចចិត្ត ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច ដោយផ្អែកលើការវាយតម្លៃ អំពីហានិភ័យ នៅក្នុងការរឹតបន្ដឹងការធ្វើចរាចរណ៍ឆ្លងរាជធានី-ខេត្ត ។ នោះគឺ ជាវិធានការ គន្លឹះមួយ ក្នុងការកាត់បន្ថយហានិភ័យ និងការពារប្រទេសកម្ពុជា ។ វិធានការមួយនេះ រួមជាមួយនឹងវិធាន ការសុខភាពសាធារណៈដទៃទៀត នឹងមានតួនាទីសំខាន់នៅក្នុង ការទប់ស្កាត់ការរីករាលដាល នៃមេរោគ ជាពិសេស ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ។ ខ្ញុំយល់ថា ទាំងនេះ មិនមែនជាការធ្វើសេចក្ដីសម្រេចចិត្ត ងាយស្រួលនោះ ទេ ។ ជាធម្មតាប្រជាជនៅទូទាំងពិភពលោក រួមទាំងនៅកម្ពុជា ផង គឺតែងតែនឿយណាយនឹងការរឹតបន្ដឹងនានា»

នាយកអង្គការ WHO ក៏លើកឡើងថា កម្ពុជាមិនប្រឈមនឹងការលំបាកនេះតែម្នាក់ឯងនោះទេ អង្គការសុខភាពពិភព លោក ឈរនៅជាមួយកម្ពុជាជានិច្ច ហើយនឹងបន្តផ្តល់ការគាំទ្រ ផ្នែកគោលនយោបាយបច្ចេកទេស និង ប្រតិបត្តិការ ដល់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ផ្ញើលិខិតជូន លោក Takeshi Kasai នាយកអង្គកា រសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ថា «ខ្ញុំមានសេចក្តីរីករាយ និងត្រូវបានលើកទឹកចិត្ត ដោយ បានទទួលសារលិខិតរបស់ លោកវេជ្ជបណ្ឌិត ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដែលបានលើកឡើងពីការប្តេជ្ញាចិត្តជា ថ្មីរបស់អង្គការសុខភាពពិភពលោក គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩»។

សម្ដេចតេជោ បន្ដថា «ខណៈដែលប្រទេស កម្ពុជា បានរួចផុតពីការរីករាលដាល នៃជំងឺកូវីដ-១៩ កាលពីឆ្នាំមុន នៅក្នុងឆ្នាំនេះ យើងខ្ញុំមិនមានភ័ព្វសំណាង ណាស់នោះទេ ដោយបច្ចុប្បន្ននេះ យើងខ្ញុំកំពុងប្រឈម នឹងការឆ្លងរីករាល ដាលនៃវីរុសកូរ៉ូណានាំចូលប្រភេទថ្មី ក្នុងសហគមន៍ ដែលជាអកុសលបានធ្វើឲ្យចំនួន នៃការបាត់បង់អាយុជីវិតមនុស្ស មានការកើនឡើង»

សម្តេចតេជោបញ្ជាក់ ថា នៅចំពោះមុខគ្រោះអាសន្នដ៏ធ្ងន់ធ្ងរ នៃសុខភាពសាធារណៈ នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបា លកម្ពុជា ត្រូវបង្ខំចិត្តជ្រើស យកការសម្រេចចិត្តដ៏លំបាក ក្នុងការបិទតំបន់ ដែលទទួលរងផលប៉ះពាល់ និងដាក់វិធានការ រឹតត្បិតការធ្វើដំណើរដ៏តឹងរ៉ឹង រួមជាមួយនឹងវិធានការផ្សេងៗទៀត ដើម្បីទប់ស្កាត់ការ រីករាលដាល នៃការផ្ទុះជំងឺនេះ។

សម្ដេចតេជោ អះអាងថា វិធានការអស់ទាំងនេះ មានភាពចាំបាច់ ក្នុងការធានាសង្គ្រោះជីវិត សុវត្ថិភាពសុខភាពសាធារ ណៈ សុខុមាលភាពរបស់ប្រជាជន និងការវិលត្រឡប់ទៅរកភាពធម្មតាវិញ នៃជីវិតរស់នៅឲ្យបានឆាប់ ៕

To Top