ព័ត៌មានជាតិ

សម្ដេច ស ខេង អំពាវនាវ ឲ្យនគរបាល ចូលរួមអនុវត្តវិធានការ រាជរដ្ឋាភិបាល យកឈ្នះជំងឺកូវីដ-១៩ ដែលបង្កផលប៉ះពាល់ សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ កងកម្លាំងនគរបាលជាតិទាំងអស់ ក្រោមចំណុះក្រសួងមហាផ្ទៃ និងចលនាប្រជាពលរដ្ឋ ឲ្យចូលរួមអនុវត្តវិធានការ នានា រាជរដ្ឋាភិបាល ដើម្បីយកឈ្នះលើជំងឺកូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់ មកលើ សេដ្ឋកិច្ចកម្ពុជា។

ក្នុងសារជូនពរកងកម្លាំង នគរបាលជាតិ ក្រោមចំណុះក្រសួងមហាផ្ទៃ នាឱកាសបុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ សម្ដេច ស ខេង បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកមិនអាចខ្វះបាន ពីសំណាក់កងកម្លាំង នគរបាល ជាតិ ដែលដើរតួនាទីជាកម្លាំង ចលករដ៏មានសារៈសំខាន់ ក្នុងការផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់កម្ពុជា ដើម្បីបន្ត បោះជំហានលើមាគ៌ា នយោបាយជាតិរបស់ខ្លួន ក្នុងដំណើរការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឲ្យមានការវិវឌ្ឍជា លំដាប់ ស្របតាមគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស។

សម្ដេច ស ខេង មានប្រសាសន៍ថា «ជាមួយនឹងការកោតសរសើរចំពោះស្នាដៃ និងសមិទ្ធផលខាងលើនេះ ខ្ញុំក៏សូម អំពាវនាវដល់កង កម្លាំងនគរបាលជាតិ មន្ត្រីរាជការ ស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ បន្ថយកចិត្តទុកដាក់ បំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ និងចលនាប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តបានខ្ជាប់ខ្លួន តាមការណែនាំ និងវិធានការនានា របស់ រាជរដ្ឋាភិបាល ដើម្បីយកឈ្នះ លើជំងឺកូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់ មកលើសេដ្ឋកិច្ច សង្គម និងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ» ។

សម្ដេចបន្ដថា « ជាពិសេស ត្រូវបង្កើនស្មារតីម្ចាស់ការខ្ពស់ និងត្រៀមខ្លួន ជានិច្ចក្នុងការអនុវត្តបទបញ្ជា ក៏ដូចជាគោលការណ៍ ណែនាំដទៃទៀត របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅរួមចំណែកលើកស្ទួយសេដ្ឋកិច្ច សុខុមាលភាពសង្គម និងប្រជាពលរដ្ឋ នៅក្រោយការផុតរលត់ នៃជំងឺរាតត្បាតនេះ ព្រមទាំងរួមសហការគ្នាបង្កើត សមិទ្ធផល និងជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន នៅបណ្តាឆ្នាំខាងមុខ» ៕

To Top