ព័ត៌មានជាតិ

កូនកន្ធាយក្បាលកង្កែប ប្រភេទសត្វជិតផុតពូជ​ លើពិភពលោក ១៤៨ក្បាល ត្រូវបានប្រលែង តាមដងទន្លេមេង្គ

ភ្នំពេញ ៖ នាពេលថ្មីៗនេះ អង្គការ WCS សហការជាមួយរដ្ឋបាលជលផល បានលែងកូនកន្ធាយក្បាលកង្កែប (ឬល្មិច) ជាប្រភេទជិតផុតពូជបំផុត នៅលើពិភពលោក ចំនួន១៤៨ក្បាល ចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ តាមដងទន្លេមេគង្គ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ អង្គការ WCS នាថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២១ បានឲ្យដឹងថា ក្នុងរដូវពងកូនឆ្នាំ ២០២១ ចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១ គិតត្រឹមដើមខែមេសានេះ ក្រុមការពារសម្បុកនៅតាមសហគមន៍ បានរកឃើញសម្បុកពងកន្ធាយក្បាលកង្កែប ចំនួន ៥៨សម្បុក មាន២.០៥៨ពង ហើយគិតត្រឹមសប្តាហ៍ទីមួយនៃខែមេសានេះ កូនកន្ធាយក្បាលកង្កែបចំនួន ៥៥៩កូនបានញាស់ចេញពីសម្បុកចំនួន ២៨សម្បុក ដោយជោគជ័យ។

អង្គការ WCS រៀបរាប់ថា កូនកន្ធាយក្បាលកង្កែប ដែលនៅសល់មិនទាន់លែង ត្រូវបានក្រុមការពារសម្បុក យកទៅរក្សាទុក ក្នុងបែឈើបណ្តែតទឹក ជាបណ្តោះអាសន្ន ដើម្បីឱ្យវាមានសុខភាពល្អមុន នឹងលែងចូលទៅក្នុងទីជម្រក ធម្មជាតិ របស់វាវិញ ។ ក្រុមការងារគ្រោង នឹងលែងកូនល្មិចទាំងអស់នេះ ចូលទៅក្នុងទីជម្រកធម្មជាតិវិញ នៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ។

សូមរំលឹកថា គម្រោងអភិរក្សកន្ធាយក្បាលកង្កែប របស់អង្គការ WCS ទទួលបានការគាំទ្រថវិកា ពីសហភាពអឺរ៉ុប ក្រោមគម្រោង «ដៃគូប្រឆាំង នឹងបទល្មើសសត្វព្រៃ», Margaret A. Cargill Philanthropy, គម្រោងព្រៃឡង់បៃតង គាំទ្រដោយទីភ្នាក់ងារ ជំនួយអាមេរិក USAID, និង Turtle Survival Alliance ៕

To Top