ព័ត៌មានជាតិ

លោក ជិន ម៉ាលីន ៖ ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងគោលដៅការពារ អាយុជីវិតពលរដ្ឋ មិនមែនរំលោភសិទ្ធិមនុស្សទេ

ភ្នំពែញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា ការចាក់វ៉ាក់សាំងកាតព្វកិច្ចការពារកូវីដ-១៩ ក្នុងគោលដៅការពារ អាយុជីវិតប្រជាពលរដ្ឋ និង សុខភាពសាធារណៈ មិនមែនជាការបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សទេ។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ លោក ជិន ម៉ាលីន ចោទសួរថា តើការចាក់វ៉ាក់សាំង កាតព្វកិច្ចការពារកូវីដ-១៩ ជាការបំពានច្បាប់ និងរំលោភសិទ្ធិមនុស្ស ដែរឬទេ? លោកបានឆ្លើយតប និងពន្យល់ថា ការចាក់វ៉ាក់សាំង កាតព្វកិច្ចការពារកូវីដ-១៩ ក្នុងគោលដៅការពារអាយុជីវិតពលរដ្ឋ និងសុខភាពសាធារណៈ មិនមែនជាការបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សនោះទេ ដោយហេតុផល ចំនួន៣៖

ទី១-ផ្អែកលើការអនុវត្តជាអន្តរជាតិ និងយុត្តិសាស្រ្តរបស់តុលាការអន្តរជាតិ ប្រទេសប្រជាធិបតេយ្យធំៗ មួយចំនួន បានដាក់ចេញវិធានការនេះ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ទៅលើក្រុមមនុស្ស ក្រុមគោលដៅ និងតំបន់មួយចំនួន ដែលមានហានិភ័យខ្ពស់ ក្នុងគោលដៅការពារអាយុជីវិត របស់ពលរដ្ឋគេ។

ទី២-ផ្អែកលើបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ រដ្ឋអាចកំហិតសិទ្ធិសេរីភាពមួយចំនួន ដែលជាសិទ្ធិមិនដាច់ខាត របស់ពលរដ្ឋបាន ដូចជាការជួបជុំ ដើរហើរ ប្រមូលផ្តុំ ការសម្តែងមតិ រួមទាំងសិទ្ធិនៃការសម្រេចចិត្ត និងឯកជនភាពបុគ្គលផងដែរ ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈ រួមមាន សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសុខភាពសាធារណៈជាដើម។

និងទី៣-ផ្អែកលើបទដ្ឋានសិទ្ធិមនុស្សជាតិរបស់កម្ពុជា ជាពិសេសរដ្ឋធម្មនុញ្ញ របស់កម្ពុជាដែលជាច្បាប់កំពូល ក៏អនុញ្ញាតផងដែរ ឱ្យមានការកំហិត និងកំណត់ព្រំដែន នៃសិទ្ធិមួយចំនួនរបស់ពលរដ្ឋ ដែលត្រូវធ្វើឡើង ដោយច្បាប់ ក្នុងកាលៈទេសៈចាំបាច់បំផុត និងក្នុងគោលដៅការពារ និងថែរក្សាប្រយោជន៍សាធារណៈ ។

ជាងនេះទៅទៀត លោក ជិន ម៉ាលីន ក៏បានលើកឡើងថា ជាក់ស្តែង ច្បាប់កូវីដ-១៩របស់កម្ពុជា និងបញ្ញត្តិ ពាក់ព័ន្ធដ៏ទៃទៀត បានដាក់ចេញនូវវិធានការ ចាំបាច់មួយចំនួនមានចរិកជាការកំហិតសេរីភាព របស់បុគ្គល ក្នុងនោះ រួមមានទាំងវិធានការ វ៉ាក់សាំងកាតព្វកិច្ចលើបុគ្គល ក្រុមគោលដៅ និងកន្លែងមួយចំនួនផងដែរ ដែលមានហានិភ័យខ្ពស់ នៃ ការឆ្លងកូវីដ-១៩នេះ ក្នុងគោលដៅប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលកូវីដ-១៩ ការពារអាយុជីវិតរបស់ពលរដ្ឋ សណ្តាប់ធ្នាប់សង្គម និង សុខភាពសាធារណៈ ៕

To Top