ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុកទៅផ្សារ បង្កើតភាពកកកុញមនុស្សច្រើន ជម្រុញហានិភ័យ កាន់តែខ្ពស់ឡើង ក្នុងការឆ្លងវីរុសកូវីដ-១៩ ។
តាមសារ តេឡេក្រាម នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវ ជូនដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុក ទៅផ្សារដែលបង្កើត បានជាភាពកកកុញមនុស្សច្រើន ជម្រុញនូវហានិភ័យ កាន់តែខ្ពស់ឡើងថែមទៀត ដល់បងប្អូនក្នុងការឆ្លងវីរុស កូវីដ-១៩ »។
លោកស្រី រៀបរាប់ថា ប្រជាពលរដ្ឋ អាចនឹងឆ្លងជំងឺកូវីដ-១៩ បានគ្រប់ពេលនៅពេលដែល នៅកន្លែងប្រជ្រៀតគ្នាខ្លាំងពេកនោះ ឫកន្លែងដែលមិនមានគម្លាតគ្នា ពីមួយម៉ែត្រកន្លះឡើង ហើយមិនមានពាក់ម៉ាស់ និងលាងដៃញឹកញាប់ទេនោះ។
លោកស្រីបន្ដថា «សូមត្រូវចងចាំថា វីរុសកូវីដ-១៩ សប្បាយចិត្តខ្លាំង ចូលចិត្តខ្លាំង និងពេញចិត្តជាទីបំផុត ក្នុងការដើរចម្លង ពីបុគ្គលម្នាក់ទៅម្នាក់ទៀត បានយ៉ាងងាយស្រួល ដោយមិនមានរបាំងហាមឃាត់ ឫសម្លាប់វីរុស ដ៏សាហាវនេះនោះ»។
លោកស្រី ក៏បានផ្ដាំផ្ញើថា ត្រូវជឿជាក់លើវិធានការ របស់រាជរដ្ឋភិបាល ដែលមានការគិតគូរត្រឹមត្រូវ នឹងមិនបិទជិតឈឹង មិនឱ្យមានវិធីក្នុងការរកម្ហូបអាហារ ទទួលទាននោះឡើយ ។
លោកស្រី ឱ វណ្ណឌីន បន្ថែមថា ប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តវិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងការពារកូវីដ-១៩ + ចូលឆ្នាំនៅផ្ទះ ដើម្បីឈ្នះការវ៉ៃលុកកូវីដ-១៩ ដោយបុគ្គល មានការទទួលខុសត្រូវខ្ពស់ សម្រាប់សុខភាពផ្ទាល់ខ្លួន សុខភាពគ្រួសារខ្លួន និងដើម្បីសហគមន៍កម្ពុជា៕ ដោយ៖ អេង ប៊ូឆេង



