ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះនៃមរណៈហើយ ប្រសិនបើប្រជាពលរដ្ឋមិនរួបរួមគ្នាទេ នឹងឈានទៅរកមរណៈពិតប្រាកដ ដូច្នេះ វិធីតែមួយគត់គឺរួមដៃគ្នាទាំងរដ្ឋ និងប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
តាមរយៈសារសំឡេងស្តីពី វិធានបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងស្ថិតនៅមាត់ជ្រោះ នៃមរណៈ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាជម្នះឲ្យបាន បើមិនរួមគ្នានោះទេ នឹងឈានទៅរកមរណៈមិនខាន។

សម្ដេចតេជោ មានប្រសាសន៍ថា «សូមអង្វរកបងប្អូនប្រជាពលរដ្ឋរបស់យើង ខិតខំឡើងរួមគ្នា ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ ដ៏គ្រោះថ្នាក់ យើងកំពុងស្ថិតនៅមាត់ជ្រោះ នៃមរណៈហើយ ប្រសិនបើយើងមិនប្រឹងរួមគ្នា យើងនឹងឈានទៅរកមរណៈ ពិតប្រាកដ ដូច្នេះវិធីតែមួយគត់ គឺរួមដៃគ្នាទាំងរដ្ឋ និងប្រជាជន ជាពិសេសការគាំទ្រ និងចូលរួមរបស់ប្រជាជន»។
សម្ដេចតេជោ សង្ឃឹមថា ប្រជាពលរដ្ឋនឹងយកពេលវេលាដែលកម្ពុជា កំពុងស្ថិតនៅមាត់ជ្រោះនៃរមណៈ ឲ្យក្លាយទៅជា កាលានុវត្តនភាពថ្មីមួយ ដើម្បីក្លាយជាឱកាស ក្រោយពេលចូលឆ្នាំរួច ក្នុងរយៈពេល១៤ កម្ពុជាកាត់បន្ថយការចម្លង ជំងឺកូវីដ-១៩។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យអាជីវករទូទាំងប្រទេសផ្អាកការលក់គ្រឿងស្រវឹង ដើម្បីបញ្ជៀស នៃការស៊ីផឹកដោយគ្មានការចាំបាច់នៅតាមទីកន្លែងមួយចំនួន។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវ ឲ្យទូទាំងប្រទេសផ្អាកការលក់ដូរគ្រឿងស្រវឹង ដើម្បីបញ្ជៀស នៃការស៊ីផឹកដោយគ្មានការចាំបាច់ នៅតាមទីកន្លែងខ្លះ ហើយនៅភ្នំពេញគ្រឿងស្រវឹង មិនមែនចាត់ទុកថា ជាប្រភេទស្បៀងមួយនោះទេ គេថាស្រាជាប្រភេទស្បៀង តែខ្ញុំសូមស្នើឱ្យរាជធានីភ្នំពេញ ផ្អាកការលក់គ្រឿងស្រវឹង ក្នុងរយៈពេល១៤ថ្ងៃនេះ ប៉ុន្តែសូមមេត្តាលក់ទឹកក្រូច លក់ទឹកសុទ្ឋ លក់ទឹកអ្វីផ្សេងៗទៀត ដែលមិនមែនជាគ្រឿងស្រវឹង ជូនដល់ពលរដ្ឋរបស់យើង»៕
